ឯកឧត្តម ម៉ុង គឹមហេង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានលើកឡើងថា កំណើននៃកីឡាករ កីឡាការិនី និងក្លឹប ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៤នេះ ពិតជាបង្ហាញនូវចំណុចវិជ្ជមាន សម្រាប់ប្រភេទកីឡាវ៉ូវីណាមឆ្ពោះទៅថ្ងៃអនគត ។
ក្នុងឱកាសបិទការប្រកួតប្រកបដោយភាពជោគជ័យកីឡាជាតិ ឆ្នាំ២០២៤ លើប្រភេទកីឡាវ៉ូវីណាម នៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអគាស.ស.យ.ក រាជធានីភ្នំពេញ ឯកឧត្តម ម៉ុង គឹមហេង បានគូសបញ្ជាក់បន្ថែមថា ក្នុងអាណត្តិជាប្រធានកិត្តិយសរបស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ឯកឧត្តម សូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ដែលបានខិតខំរៀបចំការប្រកួតនេះឡើងដោយទទួលបានលទ្ធផលល្អ និងទទួលបានជោគជ័យ ហើយវិស័យឯកជនបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡារបស់យើង បន្ថែមពីលើអ្វីដែលក្រសួងអប់រំ យុវជន និង កីឡា បានខិតខំជួយដល់សហព័ន្ធកីឡាជាតិនាពេលកន្លងមករហូតដល់បច្ចុប្បន្ន ។
បន្ថែមពីលើនេះ ឯកឧត្តម ម៉ុង គឹមហេង បានថ្លែងអំណរគុណចំពោះក្រសួង អប់រំ យុវជន និងកីឡា និងឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្រ្តី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ ដែលបានផ្តល់ទីកន្លែងប្រកួតជូនសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានលើកឡើងដែរថា ឆ្លងតាមរបាយការណ៍របស់មន្ត្រីបច្ចេកទេស គឺកីឡាករ កីឡាការិនីបានខិតខំប្រឹងប្រែងប្រកួតដោយឈរលើស្មារតីកីឡា និងអនុវត្តបទបញ្ជាការប្រកួត ច្បាប់ល្បែងបានត្រឹមត្រូវ និងមានក្រមសីលធម៌ខ្ពស់។ ក្រោយពីបានរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំនិងគ្រប់គ្រងការប្រកួតរួចមក មន្ត្រីរៀបចំការប្រកួតមានការយល់ដឹងកាន់តែច្រើន ក្នុងការរៀបចំនិងគ្រប់គ្រងការប្រកួតស្របតាមលក្ខណៈ បច្ចេកទេសរបស់សហព័ន្ធកីឡាវ៉ូវីណាមអន្តរជាតិ ។ ចៅក្រម អាជ្ញាកណ្តាល កាន់តែមានវិជ្ជាជីវៈខ្ពស់ ប្រកាន់ខ្ជាប់នូវតម្លាភាព និងសុក្រិត្យភាព ។
ឯកឧត្តម លី ចាន់សុភក្តី អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានជម្រាបជូនដែរថា កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ លើវិញ្ញាសាកីឡាវ៉ូវីណាមបានចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ ថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ២០២៤ ដែលក្រសួង រាជធានី-ខេត្ត ចំនួន៩ ចូលរួមប្រកួតមានប្រតិភូចូលរួមសរុបចំនួន ១២១នាក់ ក្នុងនោះប្រតិភូ១២នាក់ គ្រូបង្វឹក ១៨នាក់ កីឡាករ ៥១នាក់ កីឡាការិនី ៤០នាក់ ជាចំនួនលើសពីកីឡាជាតិលើកទី៣ កន្លងទៅ។ ចំពោះវិញ្ញាសាដាក់ឱ្យប្រកួតមានចំនួន ១៥វិញ្ញាសា ក្នុងនោះវិញ្ញាសាសម្ដែង ៨ប្រភេទ វិញ្ញាសាប្រយុទ្ធមាន ៧ប្រភេទទម្ងន់ ។
ចំពោះជ័យលាភីលើ១៥វិញ្ញាសា រួមមាន៖ ចំណាត់ថ្នាក់លេខ១ ក្រសួងមហាផ្ទៃ មេដាយមាស៦ ប្រាក់៤ និងសំរឹទ្ធ២ (សរុប ១២គ្រឿង), លេខ២ ក្រសួងការពារជាតិ មេដាយមាស៦ ប្រាក់ ៣ និងសំរឹទ្ធ១ លេខ៣ ខេត្តសៀមរាប មេដាយមាស ២ ប្រាក់ និងសំរឹទ្ធ៣ និងលេខ៤ ខេត្តស្ទឹងត្រែង មេដាយមាស១ និងសំរឹទ្ធ២ ខណៈខេត្តមួយចំនួនទៀតទទួលបានត្រឹមមេដាយប្រាក់ និងសំរឹទ្ធ និងឈរនៅលេខរៀងបន្តបន្ទាប់ ៕