បាត់ដំបង ៖
នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជីវករផ្សារបឹងឈូកប្រមាណ ចំនួនជិត១០០នាក់ បានផ្ទុះការប្រមូលផ្ដុំជាថ្មីនៅមុខសាលាខេត្តបាត់ដំបង ដើម្បីចង់ដឹងពី ដំណឹងនៃដំណើរការជួសជុលឬសាងសង់ផ្សារ និងស្នើអោយអាជ្ញាធរជួយនិយាយជាមួយក្រុមហ៊ុនកុំឲ្យយកលុយថ្លៃកន្លែងដែលបានរៀបចំអោយលក់ដូរបណ្តោះអាសន្ន ។
បងប្អូនអាជីវករ បានលើកឡើងថា គោលបំណងដែលពួកគាត់បន្តនាំគ្នាមកថ្ងៃនេះ គឺដើម្បីសុំជួបលោកអភិបាលខេត្ត ព្រោះដំណោះស្រាយផ្សារដែលឆេះថ្ងៃមុន អត់ទាន់មានដំណឹងថាតើរយៈពេលណា បានជួសជុលអគារហ្នឹង ហើយជួសជុលកម្រិតណា ហើយអាចជួសជុល ឬ ក៏វ៉ៃចោល ឬក៏សាងសង់ឲ្យថ្មី ព្រោះពួកគាត់រង់ចាំយូរហើយ និងមួយវិញទៀត ស្នើឲ្យរដ្ឋបាលខេត្ត/ក្រុង ជួយសម្របសម្រួលនិងសហការជាមួយម្ចាស់ផ្សារកុំឲ្យយកថ្លៃឈ្នួល សម្រាប់ការលក់ដូររបស់ពួកគាត់នៅតាមសំយាបផ្សារក្នុងអំឡុងពេលមិនទាន់ជួសជុលផ្សារ រួច ។
ជាមួយគ្នានេះដែរ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង ដោយបានការអនុញ្ញាត ពីឯកឧត្តមអភិបាលខេត្ត លោក បានមកជួបជាមួយអាជីវករ ដោយបានបញ្ជាក់ថា អាជ្ញាធរពីថ្នាក់ក្រោមទៅដល់ថ្នាក់លើ ពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិ គឺបានយកចិត្តទុកដាក់ ខ្លាំងណាស់ ក្នុងការជួយអាជីវករ ហើយ គោលការណ៍របស់អភិបាលខេត្ត លោក បានណែនាំដំបូងគឺរៀបចំកន្លែងឲ្យអាជីវករ បានលក់ដូរបណ្តោះអាសន្ន ហើយចំពោះការសាងសង់ ជំនាញ កំពុងធ្វើការសិក្សា ដូច្នេះ លោកសូមឲ្យអាជីវករ រង់ចាំបន្តិចសិន ព្រោះរាល់ថ្ងៃនេះរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ គិតគូរដំបូង គឺសុខទុក្ខបងប្អូន ប្រជាពលរដ្ឋ ហើយរឿងអីដែលរឿងប៉ុណ្ណេះ លោកមិនគិតគូរ ដូច្នេះសូមទុកពេលវេលាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការងារសិន ហើយ រឿងដែលក្រុមហ៊ុន យកលុយថ្លៃតូបលក់បណ្តោះអាសន្ន លោកទទួលយកដើម្បីរាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត ៕