ខេត្តកណ្ដាល ៖ 

ម្តាយយំស្ទើរខ្សោះខ្លួន ដោយកូនប្រុសមាសស្ងួន កំពុងនៅសិក្សានិងជាកូនទោលក្នុងគ្រួសារ បានលង់ទឹកស្លាប់ ពេលដឹកគោ ហើយ គោផ្អើលនៅក្នុងប្រលាយមេទឹក ខាងក្រោយភូមិ។ ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងកាលពីវេលាម៉ោង ១៧និង៣០នាទីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចប្រឡាយមេទឹកព្រែកផ្ដៅ ស្ថិតក្នុងភូមិព្រែកផ្ដៅ ឃុំរកាកោងទី០១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ 

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថាយោងតាមការបំភ្លឺរបស់ឈ្មោះ សាយ ស៊ីលាភ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាយ ប៊ុនហេង ភេទប្រុស អាយុ១៤ឆ្នាំ ជាកូនទោលនៅក្នុងគ្រួសារ និងកំពុងសិក្សាថា្នក់ទី៧ មានទីលំនៅក្នុងភូមិឃុំកើតហេតុ  ហើយ ពេលទំនេរពីការសិក្សា ជនរងគ្រោះតែងតែមកជួយស្រោចទឹកដំណាំនិងជួយឃ្វាលគោជាមួយម្តាយជារៀងរាល់ថ្ងៃ ។ 

ម្តាយកុមារារងគ្រោះបានប្រាប់ទៀតថា នៅវេលាថ្ងៃកើតហេតុ ម្តាយបានដឹកគោត្រឡប់មកពីឃ្វាល នៅក្បែរប្រលាយមេទឹកព្រែកផ្តៅ ខាងក្រោយភូមិ ប្រហែល២០០ម៉ែត្រ ដោយគោ មានចំនួន០៤ក្បាល។ ម្តាយ បានដេញគោ០២ក្បាល អោយហែលឆ្លងទឹកប្រលាយនិងអោយកុមារារងគ្រោះចាំទទួលគោនៅត្រើយខាងកើត ក៏ស្រាប់តែគោ បាន ផ្អើល និងថយចុះទៅក្នុងប្រលាយទឹកវិញ  ខណៈពេលនោះ កុមារារងគ្រោះក៏បានចុះក្នុងប្រលាយទឹកតាមចាប់គោយកមកវិញ ឯម្តាយ ក៏បានស្ទុះចុះក្នុងប្រលាយដេញគោអោយឡើងទៅវិញដែរ ។

ស្រាប់តែកុមារារងគ្រោះបានស្រវាមកតោងម្តាយនៅក្នុងទឹក  ម្តាយក៏ប្រាប់ថាកូនឲ្យលែងដៃ ដោយខ្លាចលង់ទឹកស្លាប់ទាំងពីរនាក់។ ពេលនោះ កុមារារងគ្រោះ ក៏លែងដៃចេញពីម្តាយ ហើយក៏បានលិចចូលទៅក្នុងទឹកបាត់ទៅ  ឯម្តាយកុមារារងគ្រោះក៏បានហែលឡើងគោក ស្រែកឆោឡោប្រាប់អ្នកភូមិអោយជួយរកកូន។ អ្នកភូមិដែលនៅក្បែរទីតាំងកើតហេតុ ក៏ចុះក្នុងប្រលាយជួយរាវរកឃើញកុមារារងគ្រោះស្រង់ឡើងមកលើគោក ធ្វើចលនាបេះដូង តែហួសពេលទៅហើយ ទើបផ្តល់ដំណឹងដល់សមត្ថកិច្ច ។  

តាមការសន្និដ្ឋាន របស់គ្រូពេទ្យនិងជំនាញ គឺសពជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ហើយ សពកុមារារងគ្រោះត្រូវបានប្រគល់ឲ្យទៅម្ដាយ យកទៅធ្វើបុណ្យតាមប្រពៃណី ៕