រាជធានីភ្នំពេញ ៖
យុវជនម្នាក់បានទុកម៉ូតូនៅក្រោមបន្ទប់ជួលមួយកន្លែង ហើយឡើងទៅដេកនៅលើជាន់ទី២ ហើយក្រោយភ្ញាក់ពីដំណេកត្រូវចោរលួចយកទៅបាត់ ពេលនោះយុវជនខាងលើបានតាមរកតាមប្រព័ន្ធGPS ឃើញចោរជិះម៉ូតូរបស់ខ្លួនក៏ដេញតាមនិងស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើល ពេលនោះចោរក៏ផ្ដួលម៉ូតូចោលរួចរត់ចូលទៅក្នុងស្រះទឹក និងគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ដឹងបាត់ម៉ូតូហើយភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចកាច់យកមិនបានសម្រេចនោះម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០២៤ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1KP-4806 ជាកម្មសិទ្ធិរបស់យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។
តាមប្រភពពីកន្លែងកើតហេុឲ្យដឹងថា នៅវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ យុវជនម្ចាស់ម៉ូតូរួមនិងមិត្តភក្ដិម្នាក់ទៀតបានទុកម៉ូតូនៅខាងក្រោមបន្ទប់ជួលដោយចាក់សោ ក ត្រឹមត្រូវ រួចក៏នាំគ្នាឡើងដេកនៅជាន់ទី២ ។ រហូតដល់វេលាម៉ោង៥ព្រឹកថ្ងៃដដែល ក្រោយភ្ញាក់ពីដំណេក ស្រាប់តែបាត់ម៉ូតូបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់មកក៏បានបើកមើលប្រព័ន្ធតាមដាន GPS ដែលបំពាក់ជាប់ម៉ូតូ ក៏បានដឹងថាម៉ូតូរបស់ខ្លួន កំពុងស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមទី៣ ។
ពេលនោះក៏បាននាំមិត្តភក្ដិទៅអង្គុយចាំមើលនៅមុខភូមិអង្គកែវ នោះ ក៏ស្រាប់តែឃើញជនសង្ស័យខាងលើ ជិះម៉ូតូរបស់ខ្លួនតាមផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត ហើយ ម្ចាស់ក៏បានជិះម៉ូតូដេញតាម និងស្រែកថាចោរៗបង្កឲ្យមានការភ្ញាក់ផ្អើលពេញដងផ្លូវ ។ បន្ទាប់មកជនសង្ស័យភ័យ ក៏ផ្ដួលម៉ូតូចោលរួចរត់ចូលទៅក្នុងស្រះទឹក និងគេចខ្លួនបាត់ ស្រមោល ៕