រាជធានីភ្នំពេញ ៖

ជនសង្ស័យម្នាក់ បានជួលរថយន្តគេ១គ្រឿងជិះបានរយៈពេល៣ថ្ងៃ ក៏បែកគំនិតធ្វើចោរ ខណៈជិះចេញពីខេត្តស្វាយរៀង មកដល់រាជធានីភ្នំពេញ ក៏បានដោះស្លាកលេខ,ផ្ដាច់ប្រព័ន្ធGPSចេញ និងបកឯកសាររថយន្តចោលអស់ ដើម្បីយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឬលក់ឲ្យអ្នកដទៃ ប៉ុន្តែអស់លក្ខណ៍ ត្រូវបានម្ចាស់រថយន្ត ពឹងមិត្តភក្ដិឲ្យជួយតាមរកឃើញ ក៏ប្ដឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន ចំណែកបក្សពួក៤នាក់ទៀត រត់គេចបាត់ស្រមោល ។

ជនសង្ស័យម្នាក់នោះ ត្រូវបាននគរបាលឃាត់ខ្លួនកាលពីវេលាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចយានដ្ឋានជួសជុលរថយន្ត ជិតសាលាខណ្ឌកំបូល ស្ថិតនៅក្នុងភូមិអូរកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យមិនត្រូវបានគេស្គាល់ឈ្មោះទេ ហើយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនសង្ស័យ បានជួលរថយន្តខាងលើម៉ាក  តូយ៉ូតាព្រូស ស៊េរីឆ្នាំ06 ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BA-1090 ពីបុរសម្នាក់នៅក្រុងបាវិត ខេត្តស្វាយរៀង ។ ចំណែករថយន្តខាងលើ មានភ្ជាប់ប្រព័ន្ធGPS ហើយក្រោយពេលជួលឲ្យជនសង្ស័យរួច ម្ចាស់រថយន្ត ក៏បានតាមដានតាមប្រព័ន្ធGPS នេះជាប់រហូត និង បានឃើញថាជនសង្ស័យជិះរថយន្តរបស់ខ្លួនចូលមករាជធានីភ្នំពេញ ។ 

លុះ៣ថ្ងៃក្រោយមក គឺនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្រាប់តែបាត់ការតាមដានប្រព័ន្ធGPS នៅត្រង់ចំណុចភូមិអូរកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយ ដោយមានការសង្ស័យ ម្ចាស់រថយន្ត ក៏បានប្រាប់មិត្តភក្កិជួយតាមដានរករថយន្តរបស់ខ្លួន ។ រហូតដល់វេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃដដែល ក៏បានឃើញរថយន្តចតនៅមុខយានដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតក្បែរសាលាខណ្ឌកំបូលភូមិ អូរកប់អំបិល នោះ ដោយត្រូវបានជនសង្ស័យ ដោះស្លាកលេខចេញ និងបកឯកសារចោលអត់បាត់ទៅហើយ ។ 

ពេលនោះមិត្តភក្ដិម្ចាស់រថយន្ត ក៏បានប្ដឹងនគរបាលប៉ុស្តិ៍កំបូល និងនគរបាលខណ្ឌកំបូល ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឯបក្សពួក៤នាក់ទៀតគេចខ្លួនបាត់អស់ ៕