រឿងដ៏រសើបបានផ្ទុះឡើងសារជាថ្មី ស្របពេលដែល មានការលេចលឺថា មានអ្នកតម្រង់ជួរគ្នាសុំកាន់សិទ្ធិរៀបចំ MGC 2025 ពីស្ថាប័ន MGI។ នេះបើយោងតាមមនុស្សជំនិតរបស់ស្ថាប័នដែលកាន់កាប់ដោយជនជាតិថៃខាងលើបានឱ្យដឹងនៅតាមបណ្តាញសង្គមហ្វេសប៊ុកថា Miss Grand Cambodia និង Miss Grand Myanmar មានអ្នកចាំទិញសិទ្ធិកាន់កាប់រួចហើយ ។
ស្របពេលជាមួយគ្នានេះ លោក ប៉ីប៉ីឌី ដែលមហាជនភាគច្រើនស្គាល់ថាជាអ្នកផលិតមាតិកាបែបកំប្លែងនៅលើបណ្តាញសង្គម បានចេញមកស៊ុតមួយរយៗអត់សំចៃមាត់ និងបានត្រៀមខ្លួនរួចស្រេចក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកទិញសិទ្ធិយកមកគ្រប់គ្រងបន្ត រួមទាំងអ្នកដែលបានចូលរួមប្រកួតផងដែរ។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រវិស័យប្រកួតសម្រស់ជាច្រើន បានដាក់ការសង្ស័យថា ម្ចាស់គ្រប់គ្រង MGC ថ្មី គឺជាលោក អ៊ិន សុភិន ខណៈពេលដែលលោកក៏ធ្លាប់បាននិយាយឆ្លើយឆ្លងជាមួយលោក ណាវ៉ាត់ ដែលជាម្ចាស់ស្ថាប័ន MGI នាពេលកន្លងមក ទាក់ទងនឹងបញ្ហាខាងលើនេះ ។
ដោយឡែកកាលពីពេលថ្មីៗនេះ លោក អ៊ិន សុភិន ក៏បានចេញមុខបដិសេធថា លោកមិនបានយកកម្មវិធីខាងលើមកធ្វើបន្តនោះទេ និងបានសូមឱ្យមហាជនឈប់មានការយល់ច្រឡំមកកាន់លោកទៀតអី ។
គួររំលឹកដែរថា ដំណឹងចចាមអារ៉ាម ពាក់ព័ន្ធនឹងមានអ្នកចង់បាន MGC មកកាន់កាប់បន្ត នៅមិនទាន់មានការបង្ហាញមុខជាផ្លូវការនៅឡើយទេ ហើយមហាជនក៏កំពុងរង់ចាំបុគ្គលក្លាហានដែលហ៊ានយកកម្មវិធីខាងលើមករៀបចំប្រកួតនៅក្នុងស្រុកខ្មែរផងដែរ ៕