វេទិកាប្រកួតសម្រស់ដ៏អស្ចារ្យប្រមូលផ្តុំទៅដោយបវរកញ្ញាលំដាប់ប្រទេសមកពីជុំវិញពិភពលោកជាង ៧០ ប្រទេស Miss Planet International 2024 ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ បាននឹងកំពុងឈានមកវគ្គផ្តាច់ព្រ័ត្រហើយ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងនោះផងដែរ បវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជា កញ្ញា ដេត ស្រីនាថ បាននឹងកំពុងប្រកួតយ៉ាងសស្រាក់សស្រាំដើម្បីដណ្តើមជ័យលាភីណាមួយពីកម្មវិធីនេះ ។ 

ជាមួយគ្នានេះ កញ្ញា ដេត ស្រីនាថ នឹងគ្រងឈុតតំណាងជាតិមួយ ដែលបានធ្វើឡើងយ៉ាងពិសេសពីលោកទឹកគ្រឿង ដើម្បីស្លៀកប្រកួតប្រជែងនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះផងដែរ។ ឈុតតំណាងជាតិនេះមានឈ្មោះថា «អប្សររំដួលកម្ពុជា» ជាឈុតដែលត្រូវបានរចនាឡើងមកតាមបែបសិល្បៈសហសម័យ ដោយរួមបញ្ចូលសិល្បៈខ្មែរពីបុរាណ រួមមានម្កុដនិងគ្រឿងអលង្ការតួស្រីអប្សរ ច្នៃប្រតិដ្ឋយ៉ាងប្រណីត ដកស្រង់ចេញពីចម្លាក់អប្សរាតាមប្រាសាទនានាក្នុងតំបន់អង្គរ អមភ្ជាប់ដោយផ្ការំដួល ដែលជានិមិត្តរូបនៃសោភ័ណភាព ភាពឆើតឆាយ ភាពថ្លៃថ្នូរនៃប្រទេសកម្ពុជា ជាពិសេសផ្ការំដួលតំណាងឱ្យភាពរួសរាយរាក់ទាក់ រួមទាំងស្នាមញញឹមនៃនារីខ្មែរនិងប្រជាជនកម្ពុជាទាំងមូល ។ 

បើក្រឡេកមើលតួផ្កាអមដោយអប្សរស្រី មានពណ៌លឿងស្រាល គួរឲ្យគយគន់ ចំណែករសក្លិនទៀតសោត ក្រអូបឈ្ងុយពិដោរ បើស្រង់ក្លិនកាលណាជាប់ស្នេហ៍រំដួលកាលនោះ។ លើសពីនេះតួសំពត់ច្នៃឡើងបែបសហសម័យ មានពណ៌មាសប្រដាប់ដោយអង្កាំយ៉ាងប្រណីត តំណាងឱ្យប្រណីតភាពនិងភាពម៉ត់ចត់នៃនារីកម្ពុជា ដែលប្រៀបប្រដូចទៅនឹងទេពអប្សរនិមិត្តនៅឋានកណ្តាល មិនតែប៉ុណ្ណោះការរួមបញ្ចូលនៃឈុតទាំងមូល ចង់បង្ហាញនូវអត្ថន័យចម្បងគឺ “បុរាណមិនយឺត សម័យមិនបរទេស” ។ 

ដូចនេះ កុំភ្លេចរង់ចាំតាមដានការប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Planet International 2024 ទាំងអស់គ្នា និងចូលរួមលើកទឹកចិត្តបវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជា កញ្ញា ដេត ស្រីនាថ ឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដណ្តើមយកតំណែងណាមួយពីកម្មខាងលើនេះ ៕