ដូចដែលមហាជនបានដឹងស្រាប់ហើយថា វេទិកាប្រកួតសម្រស់កញ្ញាឯកចក្កវាឡ លើកទី៧៣ បាននឹងកំពុងប្រព្រឹត្តទៅនៅឯប្រទេសម៉ិចស៊ិក និងបានធ្វើដំណើរក្នុងការប្រកួតមកដល់ពាក់កណ្តាលទីហើយដែរ។ ក្នុងនោះ អ្នកនាង ប្រាសាទ ដាវីន ក៏បាននឹងកំពុងពាក់ខ្សែឆៀងកម្ពុជា ចូលរួមប្រកួតសម្រស់នៅក្នុងកម្មវិធីខាងលើ ដោយកំពុងតែកសាងប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីបណ្តាអ្នកគាំទ្រវិស័យប្រកួតសម្រស់ ទាំងក្នុងស្រុក និងក្រៅស្រុក ។ 

ទន្ទឹមនឹងនេះ សិល្បករ សិល្បការិនី ជាច្រើន បាននឹងកំពុងដុតដៃដុតជើងគ្នា ក្នុងការផ្សព្វផ្សាយពីបវរកញ្ញាកម្ពុជារូបនេះ ឱ្យទទួលបានលទ្ធផលល្អត្រឡប់មកមាតុភូមិវិញ និងបានអំពាវនាវឱ្យបងប្អូនខ្មែរទាំងអស់ ចូលរួមធ្វើការបោះឆ្នោត នៅក្នុងយុទ្ធនាការ Voice for Change ដើម្បីឱ្យបេក្ខភាពកម្ពុជាបានឈ្នះពានរង្វាន់ពីយុទ្ធនាការខាងលើនេះផងដែរ ។

គួររំលឹកដែរថា យុទ្ធនាការ សម្លេងសម្រាប់ការផ្លាស់ប្តូរ ឬ Voice for Change គឺជាយុទ្ធនាការការប្រកួតប្រជែងវីដេអូខ្លីរយៈពេលបីនាទីរបស់បេក្ខភាពទាំងអស់ដែលបានចូលរួមប្រកួតប្រជែងនៅក្នុងវេទិកាកញ្ញាឯកចក្កវាឡ លើកទី៧៣ ដោយស្ថិតនៅក្រោមការគាំទ្ររបស់ CI Talk និង ស្ថាប័ន Miss Universe និងបានបង្កើតឡើងមក ដោយមានគោលបំណងធ្វើជាសារនាំសម្លេងរបស់បេក្ខភាពមកពីជុំវិញពិភពលោក ឱ្យមានឱកាសក្នុងការបញ្ចេញពន្លឺរបស់ខ្លួនឯងទៅតាមការដៅទុក និងទៅតាមវត្ថុបំណងរៀងៗខ្លួនឯង ។ ហើយនៅក្នុងយុទ្ធនាការនេះ ប្រាសាទ ដាវីន ក៏បានលើកយកសមាគមមួយស្ថិតនៅក្នុងខេត្តកំពត ដែលមានឈ្មោះថា ទុកចិត្ត ដាក់ប្រកួតប្រជែងយកពានរង្វាន់ពីយុទ្ធនាការ Voice for Change នេះផងដែរ ៕