រាជធានីភ្នំពេញ ៖

ស្ត្រីជាកម្មការិនីកាត់ដេរម្នាក់បានស្លាប់បាត់បង់ជីវិតទាំងកូនក្នុងផ្ទៃ៩ខែ បន្ទាប់ពីមកពីធ្វើការមិនស្រួលខ្លួន ដោយសារឈឺក្បាលមួយយប់ ហើយ ក៏ទិញថ្នាំPanadolលេបចំនួនពីរគ្រាប់ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅក្នុងភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ស្ត្រីដែលស្លាប់ទាំងកូនក្នុងផ្ទៃនេះ មានឈ្មោះវ៉ូ កញ្ញា អាយុ៣៤ឆ្នាំ ជាកម្មការិនីកាត់ដេរស្នាក់នៅភូមិកើតហេតុខាងលើ ។

តាមបុរសជាប្ដីឈ្មោះ ផូ ផាន ហៅគរ ជាកម្មករ បានឱ្យសមត្ថកិច្ចដឹងថា កាលពីវេលាម៉ោងប្រមាណជា៥ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ ២០២៤ រូបគាត់និងប្រពន្ធបានត្រឡប់មកពីធ្វើការហើយរៀបចំដាំបាយហូប។ លុះពេលហូបបាយរួច ក៏នាំគ្នាសម្រាកមួយសន្ទុះនៅវេលាម៉ោងប្រមាណ១០ យប់ ស្រាប់តែប្រពន្ធមានអាការៈមិនស្រួលខ្លួនឈឺក្បាលខ្លាំងហើយគាត់ក៏បានយកប្រេងខ្យល់ជួយរិត រួចក៍បាននាំគ្នាសម្រាកទៅ ។

បុរសជាប្ដីឲ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណ៥ភ្លឺថ្ងៃទី២៥ខែវិឆ្ឆិកា ប្រពន្ធមានអាការៈឈឺក្បាលម្ដងទៀត ហើយ បានអោយកូនប្រុសអាយុ១៤ឆ្នាំទៅទិញថ្នាំឈឺក្បាលម៉ាកPanadol លេបអស់ចំនួនពីរគ្រាប់ ក៏មានអាការៈមិនស្រួលខ្លួន ប្រកាច់  បែកពពុះមាត់ ខាំមាត់ហើយគាត់ ក៏បានទៅប្រាប់អ្នកជិតខាង បងប្អូន មកជួយមើល។ ក្រោយមកប្រពន្ធរបស់គាត់ ដាច់ខ្យល់ស្លាប់នៅលើផ្ទះទាំងមានផ្ទៃពោះ៩ខែ ។ បន្ទាប់ពីប្រពន្ធស្លាប់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។

តាមការត្រួតពិនិត្យរបស់នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនិងក្រុមគ្រូពេទ្យតុលាការ បានធ្វើការសន្និដ្ឋានថា ស្ត្រីរូបនោះស្លាប់ដោយសារគាំងបេះដូងបណ្ដាលមកពីឡើងសម្ពាធឈាម ៕