រាជធានីភ្នំពេញ ៖
ស្ត្រីជាអ្នកលក់ភេសជ្ជៈម្នាក់ ត្រូវបានឃាតករមិនស្គាល់មុខវាយសម្លាប់និងដែកថ្នាំងអំពៅ រួចជិះម៉ូតូគេចខ្លួនបាត់ ខណៈពេលដែលនាងជិះម៉ូតូរ៉ឺម៉ក មកឈប់រៀបចំលក់ដូរ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៥និង៥៣នាទីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ នៅចំណុចស្តុប២០០៤ លើចិញ្ចើមផ្លូវណតប្រ៊ីតកែងផ្លូវ២០០៤ មុខការដ្ឋានកំពុងសាងសង់ធនាគារABA ក្នុងភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះ ត្រូវសមត្ថកិច្ចឲ្យដឹងថាមានឈ្មោះ នាង ចិន្តា អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមកាំមេរ៉ាសុវត្ថិភាព គឺនៅវេលាម៉ោង០៥និង៥៣នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះកំពុងឈរម្នាក់ឯងនៅជាប់ជាមួយរ៉ឺម៉កលក់ភេសជ្ជៈនៅមុខការដ្ឋានសាងសង់ធនាគារ ABA ហើយជនសង្ស័យដើរពីក្រោយដោយយួរថង់ ពណ៌ទឹកក្រូច ពាក់មួកសុវត្ថិភាព រួចយកដែកថ្នាំងអំពៅចេញពីថង់វាយទៅលើនារីរងគ្រោះ បណ្ដាលឲ្យដួល រួចគេចខ្លួនបាត់ ។
តាមព័ត៌មានអ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថាជាទូទៅ ស្ត្រីរូបរងគ្រោះតែងតែធ្វើដំណើរទៅលក់ដូរនៅចំណុចកើតហេតុខាងលើ មិនដឹងថា គាត់មានទំនាស់ឬមានរឿងអ្វីជាមួយនណានោះទេ ស្រាប់តែត្រូវបានជនដៃដល់មុខវាយសម្លាប់បែបនេះ។ បន្ទាប់ពីភ្ញាក់ផ្អើល នគរបាលជំនាញក៏បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ រកឃើញដែកថ្នាំងអំពៅចំនួន១ដើម,ថង់កៅស៊ូអក្សរ VATTANAC ច្រកដែកថ្នាំងអំពៅ ដែលឃាតករប្រើវាយសម្លាប់ជនរងគ្រោះ ។
តាមការពិនិត្យនៅនិងកន្លែងកើតហេតុលើសាកសព បានសន្និដ្ឋានថានារីរងគ្រោះស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ គឺរងការវាយក្បាលពីខាងក្រោយ ៕