រាជធានីភ្នំពេញ ៖
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឃ្លោង ពិសិដ្ឋ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញដីការឃុំខ្លួនលោក វ៉ា សារ៉ង ចៅសង្កាត់ទី២ ខណ្ឌពោធិ៍សែនជ័យ និង ស្ត្រីដែលជាអ្នកជួញដូរគ្រឿងញៀនឈ្មោះ ស៊ុយ ជីវ៉ា ហៅ តុក ដាក់ពន្ធនាគារ បន្ទាប់ពីក្រោយលោកចៅសង្កាត់រូបនេះ បានទូរស័ព្ទទារលុយពីនារីជួញដូរ គ្រឿងញៀនចំនួនចំនួន១លានរៀល ។
គួរបញ្ជាក់ថា លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងស្រ្តីម្នាក់ ឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបែកធ្លាយសារសំឡេងចចារទាលុយ១លានរៀលជាថ្នូរនឹងការមិនចាប់ខ្លួន ពាក់ព័ន្ធបទ ល្មើសគ្រឿងញៀន ។
ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ គឺធ្វើឡើងតាមបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារឹន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួន លោក វ៉ា សារ៉ង ចៅសង្កាត់ ចោមចៅទី២ បានសារភាពកំហុស និងបញ្ជាក់ថា សារសំឡេងនោះ ពិតជាសំឡេងរបស់ លោកពិតប្រាកដមែន។ ចំណែកស្ត្រីជាម្ចាស់សំឡេងដែលនិយាយចចារជាមួយលោកចៅសង្កាត់ចោមចៅទី២ ក៏បានសារភាពដែរថា ខ្លួនធ្លាប់ចែកចាយគ្រឿងចំនួនពីរលើកមកហើយ ។ ជនសង្ស័យ ឈ្មោះ ស៊ុយ ជីវ៉ា បានបំភ្លឺថាកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខ្លួន ត្រូវ បានចាប់ និងដោះលែងវិញ ដោយសារមិនពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន ។
បន្ទាប់ពីដោះលែង លោកចៅសង្កាត់ចោមចៅ២ បានទូរសព្ទ័ មកគំរាមកំហែងទារប្រាក់ខ្លួន ចំនួន១លានរៀល ជាច្រើនលើកច្រើនសារ ហើយ ខ្លួនមានការភិតភ័យ ក៏លួចថតសំឡេង លោកចៅសង្កាត់ទុក រួចផ្ញើទៅអ្នកស្គាល់គ្នា ហើយគេក៏បង្ហោះក្នុងបណ្តាញសង្គម ៕