រាជធានីភ្នំពេញ ៖

បុរសម្នាក់ បានជិះម៉ូតូហុងដាប៊ិត វ៉ាកាត់ពីមុខរថយន្តក្រឡុកបេតុង អ្នកបើករថយន្តជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកកិន ទាំងម៉ូតូនិងមនុស្សពីក្រោយ បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់បាត់ជីវិតយ៉ាងអាណោចអាធ័ម  ។ 

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៩ខែធ្នូឆ្នាំ២០២៤ ចំនុចក្រោមស្ពានអាកាសក្បាលថ្នល់សាងសង់ថ្មី ផ្លូវមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ   ចំការមន រាជធានីភ្នំពេញ។ សពជនរងគ្រោះ មានឈ្មោះ រ៉េត ប៊ុនសារៈ ភេទប្រុសអាយុ ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិតានន ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ។ 

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញបុរស២នាក់ រួមទាំងអ្នកបើកបរ បានបើករថយន្តប្រភេទក្រឡុកបេតុង ម៉ាក HINO ពណ៌ក្រហមលាយស របស់ក្រុមហ៊ុន SCG ពាក់ស្លាកលេខ ភ្នំពេញ5A0995 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីត្បូងទៅជើង។ 

លុះមកដល់ចំនុចកើតហេតុ ផ្លូវក្រោមស្ពានអាកាសក្បាលថ្នល់កំពុងសាងសង់ថ្មី រថយន្ត បានបត់ឡើងទៅផ្លូវ២៧១ ហើយគាប់ជួនពេលនោះក៏ស្រាប់តែបុរសជាជនរងគ្រោះ បានជិះម៉ូតូម៉ាក ហុងដាប៊ិត ពណ៌ខ្មៅ ធ្វើដំណើរស្របទិសជាមួយនិងរថយន្ត ហើយបានវ៉ាឆ្វេងបត់កាត់ពីមុខរថយន្ត ក៏ត្រូវអ្នកបើកបររថយន្ត ជាន់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុកអូសទាំងម៉ូតូនិងមនុស្សចំពាក់កណ្ដាលខ្លួន បណ្តាលឲ្យជនរងគ្រោះដាច់ខ្យល់ស្លាប់មួយរំពេចតែម្តង ។ 

ដោយឡែក អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ នៅពេលបង្កគ្រោះថ្នាក់រួចហើយ បានគេចខ្លួនបាត់។ ក្រោយពេលកើតហេតុ មធ្យោបាយ ត្រូវសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដំណោះស្រាយ រីឯសព ត្រូវបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕