ក្រុងបាត់ដំបង ៖

យុវជនម្នាក់ បានរងរបួសធ្ងន់បាក់ភ្លៅម្ខាង ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវចូលផ្សារ ភួ ពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងរវាងរថយន្តម៉ាក LEXUS .RX330 ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 2B-7411 បើកបរដោយស្ត្រីវ័យក្មេងម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងឆ្លងផ្លូវចូលផ្សារ។ ចំណែកម៉ូតូសណ្តោងរ៉ឺម៉កម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1D-7886 បើកបរដោយយុវជនម្នាក់ដឹកធុងហ្គាសពេញ ធ្វើដំណើរទិសដៅពីកើតទៅលិច បានជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់បាក់ភ្លៅឆ្វេងម្ខាងតែម្តង ។  

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដឹកជនរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មកបានវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕