ខេត្តសៀមរាប ៖
មហាជន បានផ្ទុះការរិះគន់អំពីសកម្មភាពក្រុមសម្ដែងជនជាតិខ្មែរ ដែលដឹកនាំសម្ដែង ផលិតដោយក្រុមហ៊ុន និង ផលិតករចិន អំពីឈុតឆាកក្នុងរឿង(ព្រៃស្មសាន) ដែលមានពាក់ដួន និងសំលៀកបំពាក់ចងក្បិន បែបខ្មែរ នៅក្នុងទីតាំងនៃទូលវត្តកំពង់ភ្លុក ស្ថិតនៅភូមិសហគមន៍ប្រជានេសាទ ឃុំកំពង់ភ្លុក ស្រុកប្រសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៤ ដោយមានការថតសំដែង រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូត ដល់ទី១៥ ខែធ្នូ ឆ្នាំ២០២៤ ចាប់ផ្តើមពីម៉ោង៧ព្រឹក រហូតដល់ល្ងាច ។
ជុំវិញករណីខាងលើនេះ នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ មិនទាន់សុំការបំភ្លឺពីអាជ្ញាធរ ស្រុក និង អាជ្ញាធរខេត្ត និង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប ដែលជាអាណាព្យាបាល បាននៅឡើយទេ។ តែបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ និងលិខិតរបស់ក្រសួងវប្បធម៌និងវិចិត្រសោល្បះ ចុះថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យទីតាំងថតភាពយន្ត តែចំពោះសម្លៀកបំពាក់មិនបានបញ្ជាក់នោះឡើយ ។
តែក្រសួង បានបញ្ជាក់ឲ្យក្រុមហ៊ុន គោរពទៅតាមបទប្បញ្ញត្តិ និង ច្បាប់ទាំងឡាយដែលបានចែងដោយអាជ្ញាធរពាក់ព័ន្ធថា មិនប៉ះពាល់សីលធម៌ ប្រពៃណី វប្បធម៌ និង សង្គមជាតិកម្ពុជាតាមគ្រប់មធ្យោបាយ ។ ករណីដែលសាម៉ីជនរំលោភសិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល សាម៉ីជន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ៕