រាជធានីភ្នំពេញ ៖ 

រថយន្តបែនដឹកដី១គ្រឿង បានបើកឆ្លងផ្លូវជ្រុលទៅបុកមន្រ្តីយោធាម្នាក់ ដែលកំពុងជិះម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅលើជាតិលេខ៤ នៅត្រង់ចំណុចទល់មុខទីតាំងឆៀករថយន្តកំបូល ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ  ។

មន្រ្តីយោធារងគ្រោះ ឈ្មោះឌិត សាវេត អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន មានទីលំនៅក្នុងខេត្តកំពង់ស្ពឺ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1F-O6676 ។ ចំណែករថយន្តបង្ក ម៉ាកនីស្សាន់បែនដឹកដី ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ3A-8833 ។ 

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តបែនដឹកដី បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ។ ដោយឡែក មន្រ្តីយោធា បានជិះម៉ូតូចេញពីផ្ទះនៅខេត្តកំពង់ស្ពឺ ទៅធ្វើការនៅDN រាជធានីភ្នំពេញ ក្នុងទិសដៅពីលិចទៅកើត ។ 

ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថាលុះពេលទៅដល់ត្រង់ចំណុចកើតហេតុ រថយន្ត បានបើកបត់ឆ្លងផ្លូវ ហើយ ក៏ជ្រុលទៅបុកប៉ូតូមន្រ្តីយោធាពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍កន្ទោក បានចុះទៅសម្រួលចរាចរ បន្ទាប់មក នគរបាលខណ្ឌកំបូល បានចុះទៅធ្វើការវាស់វែង រួចនាំយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌរង់ចាំការដោះស្រាយតាមផ្លូវច្បាប់  ៕