ភ្នំពេញ៖រថយន្តស៊េរីទំនើបមែកសឺដែសមួយគ្រឿង បើកបរដោយបុរសម្នាក់បានបួងចង្កូតគេចពីរ៉ឺម៉ក ក៏ជ្រុលទៅបុកចូលការ៉ាសសាំងមួយកន្លែងយីហោ ប៊ុន លី បណ្ដាលឲ្យខូចខាតរបងនិងសម្ភារៈមួយចំនួនធំនិងធ្វើឲ្យមនុស្សស្រីពីរនាក់នៅក្នុងរថយន្ត រងរបួសធ្ងន់និងស្រាលបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១២:២០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ២០១១ កែង ផ្លូវ ៧២ប៉េ សង្កាត់ គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមែកសឺដែស ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BA-8899 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយ មានគ្នា៤នាក់ផ្សេងទៀត បើកបរតាមបណ្ដោយផ្លូវ ២០១១ក្នុ ងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម។ ខណៈពេលបើកមកដល់ក្បែរចំណុចកើតហេតុខាងលើ ស្រាប់តែអកហ្សឺនិងរ៉ឺម៉កនៅពីមុខ ក៏បួងចង្កូតគេចជ្រុលទៅបុកទម្លុះចូលការ៉ាស់សាំងមួយកន្លែង យីហោ ប៊ុន លី បណ្ដាលឲ្យរងការខូចខាតរបងអស់ជាច្រើនផ្ទាំងនិងបន្តទៅបុកធុងចាក់ប្រេងដាច់ខ្ទាតចេញពេញផ្លូវ រងការខូចខាតធ្ងន់ធ្ងរ។ ចំណែកភាគីម្ចាស់រថយន្តបង្កវិញ បានរងរបួសស្រ្តី២នាក់ ធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះភ្លាមៗផងដែរ ចំណែកអ្នកបើកបរ សមត្ថកិច្ចឃាត់សួរនាំនៅនិងកន្លែង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុក រង់ចាំការដោះស្រាយ នៅពេលក្រោយ ៕