រាជធានីភ្នំពេញ ៖
នារីម្នាក់ បានបើករថយន្ត Lexus CT 200h មួយគ្រឿង ឆ្លងផ្លូវបំបែកជាបួនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តម៉ាក Toyota Prius បើកឆ្លងផ្លូវដូចគ្នា រងការខូចខាតធ្ងន់ធ្ងរ ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវ៤១កែងផ្លូវ២២៨ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកToyota Prius ពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BA-8251 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៥១ ក្នុងទិសដៅពីជើងមកត្បូង ឆ្លងផ្លូវបំបែកជាបួន។ ខណៈពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងទៀត ម៉ាក Lexus CT200h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CC-3029 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២២៨ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ។
ខណៈបើកមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ជ្រុលទៅបុករថយន្ត Toyota Prius ចំពាក់កណ្តាលចំហៀងខាងស្តាំយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង សំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស។ ភ្លាមនោះដែរ ភាគីម្ចាស់រថយន្តទាំងសងខាង ចុះពីរថយន្តធ្វើការសម្របសម្រួលគ្នា ។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីសងខាងសម្រួលគ្នា ក្រោយពីសម្រួលចប់ ដោយភាគីម្ចាស់រថយន្យបង្កម៉ាក Lexus CT 200h សងទៅលើរថយន្ត Toyota Prius ១ពាន់ដុល្លា បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕