ខេត្តកំពង់ស្ពឺ ៖

សមត្ថកិច្ចនគរបាលស្រុកសាមគ្គីមុនីជ័យ បានសម្រេចឃាត់ខ្លួនបុរសម្នាក់ភ្លាម ៗ ក្រោយគំរាមបោកគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះសម្លាប់សមាជិកគ្រួសារ ប្រពន្ធ និងកូន ក្នុងជម្លោះពាក្យសម្តីមួយកាលពីព្រលប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នៅចំណុចភូមិទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

យោងតាមលោកវរៈសេនីយ៍ឯក ខឹម សាម៉ុន អធិការនៃអធិការដ្ឋាននគរបាលស្រុក សាមគ្គីមុនីជ័យ បានឱ្យដឹងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា កម្លាំងជំនាញ បាន ចុះឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ហួន ស្រស់ អាយុ៣៣ឆ្នាំ ពីចំនុចភូមិឃុំខាងលើយកមកកាន់ អធិការដ្ឋានដើម្បីសាកសួរ ក្រោយស្ត្រីឈ្មោះ ផាត សុខលី អាយុ២៤ឆ្នាំជាប្រពន្ធបានប្តឹង ថាប្តីរបស់ខ្លួនគំរាមបោកគ្រាប់ដែលរើសមកពីការដ្ឋានដែលខ្លួនធ្វើការដើម្បីសម្លាប់ក្រុម គ្រួសារ ប្រពន្ធនិងកូន ។

អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ លោកវរៈសេនីយ៍ឯក ខឹម សាម៉ុន បានបញ្ជាក់ថា មូលហេតុនៃការគំរាមបោកគ្រាប់នេះគឺផ្តើមចេញពីជម្លោះរឿងប្រច័ណ្ឌ ដែលកើតតាំងពី អំឡុងថៃ្ងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ហើយ ប្ដីបាន ចេញពីផ្ទះបាត់រហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ក៏បានវិលត្រឡប់ចូលមកផ្ទះវិញ ដោយភ្ជាប់មកជាមួយគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ដើម្បីគំរាមបោកបំផ្ទុះសម្លាប់សមាជិក គ្រួសារ ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចនគរបាល រីឯវត្ថុតាងគ្រាប់ មិនទាន់ផ្ទុះត្រូវបានប្រគល់ទៅឱ្យមន្ត្រីCMACយកទៅរក្សាទុករងចាំកម្ទេចចោល ៕