ភ្នំពេញ៖ យុវជនពីរនាក់ចេញពីផឹកស៊ីក្នុងក្លឹប ស្រវឹងធ្លាក់ភ្នែកជិះម៉ូតូឌុបគ្នាលឿនទៅបុកជាមួយនិងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យអ្នកបើកបរស្លាប់បាត់បង់ជីវិត ចំណែកម្នាក់ទៀតជិះខាងក្រោយ រងរបួសធ្ងន់។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចទល់មុខនិងផ្សារ ជម្ពូវ័នសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ សពរងគ្រោះឈ្មោះ កែវ ហ៊ន ភេទប្រុសអាយុ២៥ឆ្នាំមុខរបរធ្វើការរោងចក្របច្ចុប្បន្នស្នាក់នៅផ្ទះជួលម្ដុំកំបូល មានស្រុកកំណើតនៅខេត្តកំពង់ចាម។
យោងតាមការបញ្ជាក់ពីមិត្តភ័ក្ដិរបស់ជនរងគ្រោះ បានឲ្យដឹងថានៅមុនកើតហេតុ ជនរងគ្រោះ រួមជាមួយមិត្តភ័ក្ដិប្រមាណ១០នាក់ បានរៃលុយគ្នាផឹកស្រាថ្នាំអស់មួយវគ្គ រួចក៏បែកគំនិតយកទូរស័ព្ទទៅដាក់បញ្ចាំងដើម្បីយកលុយ មកនាំគ្នាចូលក្លិបផឹកបន្ត។ ខណៈពេលផឹកស៊ីរួច ក៏បាននាំគ្នាចេញពីក្លឹបវិលត្រឡប់ទៅផ្ទះជួលវិញ ក្នុងនោះផងដែរ ជនរងគ្រោះបានសុំមិត្តភ័ក្តិបើកបរម៉ូតូ រីឯម្ចាស់ម៉ូតូជិះខាងក្រោយ ធ្វើដំណើរចេញពីផ្លូវ វេងស្រេង ឆ្ពោះចូលមកផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន។
លុះមកដល់ចំណុចខាងលើ បានរេចង្កូតទៅបុករះនិងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យអ្នកបើកម៉ូតូ បោកក្បាលនិងបង្គោលភ្លើងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្ចាស់ម៉ូតូជិះខាងក្រោយ រងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង។ បន្ទាប់មក មិត្តភ័ក្ដិដែលជិះម៉ូតូមកតាមក្រោយ ឃើញជនរងគ្រោះបានស្លាប់ ក៏បានទាក់ទងទៅសាច់ញាតិក្រុមគ្រួសារភ្លាមៗ។ បន្ទាប់ពីកើតហេតុរួច ប្រជាពលរដ្ឋ បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ពិនិត្យមើលជុំវិញទីតាំងខាងលើ រួចរាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍ ។ ក្រោយពេលកើតហេតុ សពរងគ្រោះត្រូវបាននគរបាលផ្នែកជំនាញចរាចរណ៍ធ្វើលិខិតប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរងគ្រោះខាងផ្នែកជំនាញ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ៕ ដោយ៖វិជ្ជា