បន្ទាយមានជ័យ ៖
ក្មេងទំនើង២នាក់ ជិះម៉ូតូ១គ្រឿង យកដំបងវ៉ៃយុវជន២នាក់បងប្អូនរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ហើយ ហេតុការណ៍នេះ បានកើតឡើងយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចស្តប់ផ្សារកណ្តាល ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អ្នកឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា៖នៅពេលកើតហេតុ គេឃើញជនរងគ្រោះ២នាក់បងប្អូន ជិះម៉ូតូមកពីដើរលេងដល់ផ្លូវបត់ចូលផ្ទះវិញ ក៏ត្រូវក្មេងទំនើង១ក្រុម មាន២នាក់ ជិះម៉ូតូ១គ្រឿងកាន់ដំបងដែកទីប វាយទៅលើអ្នកបើកបរចំកញ្ចឹងក បណ្តាលឲ្យដួលម៉ូតូ ហើយចុះវាយថែមទៀត បណ្តាលឲ្យជនរងគ្រោះអ្នកបើកបរ សន្លប់រងរបួសធ្ងន់ ត្រូវក្រុមសង្គ្រោះបឋមដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចំណែកម្នាក់ទៀត រងរបួសស្រាល ។
អ្នកឃើញហេតុការណ៍ បានបន្តថា៖នៅពេលដែលឃើញក្មេងទំនើងវាយគ្នា អ្នកជិតខាងស្រែកឆោឡោ បង្អើល ទើបក្មេងទំនើងជិះម៉ូតូរត់គេចតែម្តង។ តែភ្លាមៗនោះ ឃើញសមត្ថកិច្ចមកដល់ហើយជិះម៉ូតូតាមចាប់ពីក្រោយ តែចាប់មិនបាន ។
កម្លាំងប៉ុស្តិ៍នគរបាលផ្សារកណ្តាលប្រាប់ថា៖ករណីក្មេងទំនើងវ៉ៃទៅលើយុវជន២នាក់បងប្អូន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ចាប់ដើម្បីមានវិធានការតាមច្បាប់ ហើយ ករណីនេះ អាចជារឿងគំនុំទើបតាមវ៉ៃដល់មុខផ្ទះ ៕