រាជធានីភ្នំពេញ ៖
បុរសម្នាក់ បានបើករថយន្តម៉ាក កាមរីហាយប្រ៊ីត ក្នុងស្ថានភាពស្រវឹង ក៏រេចង្កូតឡើងលើចិញ្ចើមផ្លូវ បុកស្លាកសញ្ញាចរាចរណ៍ ហើយ បន្តទៅបុកនិងដើមឈើធ្នង់ បណ្ដាលឲ្យរថយន្ត រងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង២០នាទីទៀបភ្លឺថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ទល់មុខរដ្ឋសភា តាមបណ្ដោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាក កាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AS0891 ធ្វើដំណើរតាមផ្លូវរដ្ឋសភាទិសដៅពីត្បូងមកជើងល្បឿនលឿន។ ពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត រេចង្កូតឡើងលើចិញ្ចើមផ្លូវ បុកបង្គោលស្លាកសញ្ញាចរាចរណ៍និងបាក់អស់មួយដើម ហើយរថយន្ត ក៏បន្តទៅបុកជាមួយនិងដើមធ្នង់ដែលដាំនៅមុខ រដ្ឋសភា ផ្ទុបរថយន្ត រងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំ ក៏ទៅមុខលែងរួច ។
ក្នុងហេតុការណ៍នេះ គឺមិនមានមនុស្សរងរបួសទេ តែអ្នកបើកបរក្នុងស្ថានភាពស្រវឹង ត្រូវសមត្ថកិច្ច ឃាត់យកទៅប្រគល់អោយផ្នែកជំនាញចរាចរណ៍ ។
ក្រោយកើតហេតុ សមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថាមានការខូចខាតបាក់ស្លាកសញ្ញាចរាចរណ៍អស់មួយដើម ក៏ដូចជាដែកដែលជ្រែងដើមឈើ បាក់ចំនួន ១ដើម រីឯរថយន្ត ត្រូវបានជំនាញចរាចរណ៍ផ្លូវគោក ស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយ ៕