ត្បូងឃ្មុំ ៖
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូហុងដាឌ្រីម បុកជាមួយគោយន្តកន្ត្រៃសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យរងរបួសក្មេងស្រីម្នាក់ជាអ្នកបើកបរម៉ូតូ បាក់ឆ្អឹងដងកាំបិត ។ ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៧១-C នៅត្រង់ចំណុចភូមិក្បាលបឹងសេះ ឃុំ គរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ វេលាម៉ោងជាង១៥ រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថានៅវេលាម៉ោងខាងលើ មានម៉ូតូហុងដា ឌ្រីម ១គ្រឿង ពាក់ស្លាកលេខ ត្បូងឃ្មុំ 1K-7015 មកដល់កន្លែងកើតហេតុ បានបុកជាមួយគោយន្តកន្ត្រៃសណ្ដោងរ៉ឺម៉ក កំពុងតែបើកឆ្លងផ្លូវ បណ្ដាលឲ្យក្មេងស្រីជាអ្នកបើកបរម៉ូតូ រងរបួស បាក់ឆ្អឹងដងកាំបិត ។
លោកអនុសេនីយ៍ឯក សេង តុលា មេប៉ុស្តិ៍រដ្ឋបាលឃុំគរ បានឲ្យដឹងថាដោយសារតែគោយន្តកន្ត្រៃឆ្លងផ្លូវ រីឯម៉ូតូគាត់ប្រើប្រាស់ល្បឿនលឿន ក៏ជ្រុលមកបុកគោយន្តកន្ត្រៃ។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យមិត្តភាពកម្ពុជាចិនត្បូងឃ្មុំ រីឯគោយន្តកន្ត្រៃ និងម៉ូតូយកទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃុំ គរ រងចាំការដោះស្រាយគ្នានៅពេលក្រោយ ៕