បន្ទាយមានជ័យ ៖
ខឹងប្រចណ្ឌរឿងអ្នកឌុបស្រីស្នេហ៍ តែយកកាំបិតទៅកាប់ម្នាក់ផ្សេងទៀត ព្រោះខឹងរឿងកាងជំនួស ដែលជនសង្ស័យត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកថ្មពួក ចាប់បញ្ជូនទៅកាន់សាលាដំបូង ចាត់ការតាមច្បាប់នៅថ្ងៃទី11 ខែធ្នូ ឆ្នាំ2024 ។
លោកវរៈសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បាន ប្រាប់ថា៖ជនសង្ស័យមានឈ្មោះ រិន សៃយន្ត ភេទប្រុសអាយុ16ឆ្នាំ រស់នៅភូមិថ្មី ឃុំ គោករមៀត ស្រុកថ្មពួក ។
លោក បានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ពុន សាវ័ន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក បានប្តឹងឈ្មោះ រិន សៃយន្ត និងបក្ខពួកម្នាក់ទៀត ឈ្មោះ ភួង ជីវ័ន្ត បានធ្វើសកម្មភាពកាប់ទៅលើខ្លួន បណ្តាលឲ្យរបួសធ្ងន់ចំនួន3កន្លែង ដែលរបួសកំភួនជើងដាច់សសៃឈាមមួយកំបិត របួសខ្នងមួយកំបិត និងរបួសក្បាលផ្នែក ខាងក្រោយ មួយកំបិត ត្រូវបានសង្គ្រោះទាន់កាន់មន្ទីរពេទ្យបង្អែកស្រុកថ្មពួកកាលពីថ្ងៃទី04 ខែធ្នូ ឆ្នាំ2024នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ។
លោកវរៈសេនីយ៍ត្រី អ៊ុក សូរផុន បានបញ្ជាក់ថា៖ក្រោយពេលស្រាវជ្រាវ នៅថ្ងៃទី09 ខែធ្នូ ឆ្នាំ2024 កម្លាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម2នាក់ មានទាំងវត្ថុតាង កាំបិតសាំម៉ូរ៉ៃចុងស្រួច2ដើម និងខ្វែវ1ដើម នាំយកសាកសួរនាំ ។
តាមចម្លើយសារភាពថាមូលហេតុកាប់ទៅលើជនរងគ្រោះ ព្រោះខឹងរឿងប្រចណ្ឌដែល ឌុបស្រីស្នេហ៍របស់ខ្លួន តែមិនបានកាប់អ្នកដែលឌុបស្រីស្នេហ៍របស់ខ្លួនទេ បែរកាប់ទៅលើម្នាក់ទៀត ដែលពូកែឌឺហើយចេញមុខកាង របួស3កន្លែង ៕