ខេត្ដតាកែវ ៖

នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ អង្គភាពស្នងការដ្ឋាននគរបាលខេត្ដតាកែវបានបង្ហាញមុខក្មេងទំនើង ៨នាក់ ក្នុងចំណោមបក្ខពួកសរុប១៣នាក់ ក្នុងករណីក្មេងទំនើងធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះចំនួន ៣នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ របួសស្រាល២នាក់ កាលពីម៉ោង ២និង៥៦នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅចំនុចផ្លូវជាតិលេខ៣ ភូមិប្រហែក ឃុំសូភី ស្រុកបាទី ខេត្ដតាកែវ ។ 

លោកឧត្ដមសេនីយ៍ទោ ម៉ែន លី បានឲ្យដឹងថាក្មេងទំនើងទាំងនេះ មុនធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះ គឺដោយសារតែក្រុមជនរងគ្រោះ បានយកដុំថ្មគុបទៅលើបក្ខពួកក្រុមគេមុន ទើបក្រុមជនសង្ស័យជិះម៉ូតូ ៦គ្រឿង មានគ្នា១៣នាក់ដេញតាមកាប់ពីក្រោយវិញ ។ 

ក្រោយកើតហេតុ ដោយបានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ម៉ែន លី និងមានការសម្របសម្រួលពីឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដតាកែវ សមត្ថកិច្ច បានឈានទៅបង្ក្រាបក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ សរុបចំនួន ៨នាក់ ក្នុងនោះមានជនដៃដល់ម្នាក់ និងអ្នកបើកបរម៉ូតូម្នាក់ ហើយ៦នាក់ទៀតជាបក្ខពួកចូលរួមធ្វើសកម្មភាព, នៅសល់៥នាក់ទៀត កំលាំងសមត្ថកិច្ចជំនាញ កំពុងមានវិធានការ ។ 

សូមបញ្ជាក់ផងដែរថាជនសង្ស័យទាំង ៨នាក់នេះ មាន៥នាក់មានទីលំនៅខេត្ដតាកែវ និង៣នាក់ខេត្ដកំពង់ស្ពឺ។ ក្នុងកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូបាន ៥គ្រឿង ដាវ១ កាំបិតផ្គាក់១ និងសម្ភារៈមួយចំនួនទៀត ។ 

ជនសង្ស័យទាំង៨នាក់នេះ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ នឹងត្រូវបញ្ជូនខ្លួនទៅសាលាដំបូងខេត្ដចាត់ការតាមនីតិវិធី ៕