រាជធានីភ្នំពេញ ៖ 

សិស្ស៦នាក់ ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួន កាលពីវេលាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ គឺ១ថ្ងៃ ក្រោយពីការផ្ទុះជម្លោះវាយតប់គ្នានៅក្នុងវិទ្យាល័យទួលអំពិល ស្ថិតនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមានសិស្សប្រុសម្នាក់រងរបួស ហើយ រឿងជម្លោះវាយតប់គ្នាខាងលើនោះ សង្ស័យផ្ដើមចេញពីការដណ្ដើមចេញពីទំនាស់ពាក្យសម្ដីពេលម៉ោងចេញលេង ។ សិស្សរងគ្រោះឈ្មោះ ភា សំភ័ស្ត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ 

សមត្ថកិច្ចនគរបាល បាននិយាយថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ខណៈម៉ោងចេញលេង ស្រាប់តែសិស្ស៤នាក់ បានព្រួតវាយតប់ទៅលើសិស្សរងគ្រោះ បណ្ដាលឲ្យរងរបួស ។ ខណៈនោះ រូបភាព ត្រូវសិស្សផ្សេងថតបាន ក៏មានការចែកចាយរូបភាព បង្កឲ្យការភ្ញាក់ផ្អើលនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ថែមទៀតផង។ បន្ទាប់មក នគរបាលខណ្ឌដង្កោ នគរបាលប៉ុស្តិ៍ដង្កោ បានចុះទៅអន្តរាគមន៍និងទទួលពាក្យបណ្ដឹងសិស្សដែលរងរបួស ។ 

សមត្ថកិច្ចនគរបាល បានប្រាប់ទៀតថា រហូតដល់ព្រឹកថ្ងៃទី២៥ ខែធ្នូ ទើបឈានដល់ការឃាត់ខ្លួនសិស្សដៃដល់ចំនួន៦នាក់ នាំយកទៅសាកសួរនៅប៉ុស្តិ៍ដង្កោ ។ 

ហើយនៅវេលារសៀលថ្ងៃដដែល ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាប្រចាំខណ្ឌនិងការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយមានការចូលរួមពីលោកវរៈសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ និង លោកនាយកវិទ្យាល័យទួលអំពិល រួមទាំងលោកគ្រូអ្នកគ្រូប្រចាំថ្នាក់ ហើយនិងអាណាព្យាបាលរបស់សិស្ស ជួបធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ហើយ បានបញ្ចប់រឿងរួចហើយ ៕