កណ្តាល៖ អាកាសធាតុក្នុងខែមិគសិរ ចុះត្រជាក់ខ្លាំង កូនៗក៏បង្កាត់ភ្លើងតិចៗអោយ អ្នកម្តាយអាំង បំបាត់រងា បែរជាក្លាយជាអគ្គិភ័យឆាបឆេះផ្ទះ ក្តៅរលាកអ្នកម្តាយ ធ្ងន់ធ្ងរ  ដែលហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិមាត់បឹង ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ 



លោក អ៊ូច សៅវឿន អភិបាលស្រុកនិងជាគណៈបញ្ជាការឯកភាពស្រុកកណ្តាលស្ទឹង បានប្រាប់ឲ្យដឹងថា÷ស្ត្រីវ័យចំណាស់ជាជនរងគ្រោះ មានឈ្មោះ គួន ទៀង អាយុ ៧២ឆ្នាំ ត្រូវជាម្តាយ បានរលាកភ្លើងរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ  ។  ចំពោះផ្ទះដែលឆេះ មានទំហំ៤មx៦ម សង់អំពីឈើ ជញ្ជាំងសង្ក័សី ប្រក់ស្លឹកត្នោត ឆេះយ៉ាបចំហៀង និងឆេះផ្ទះអស់៤០%។  ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម លោកស្រុកកណ្តាលស្ទឹង បានដឹកនាំកម្លាំង ក្នុងគណបញ្ជាការឯកភាព ចុះអន្តរាគមន៍ជួយពន្លត់បានទាន់ពេលវេលា ដោយមិនឲ្យឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ធក្បែរខាងឡើយ។  



គណៈបញ្ជាឯកភាពស្រុក បានបញ្ជាក់ថាករណីអគ្គីភ័យនេះ គឺបណ្តាលមកពីកូនៗ របស់ជនរងគ្រោះ ដុតភ្លើងតិចៗ ដើម្បីកុំអោយម្ដាយរងារ ព្រោះអាកាសធាតុត្រជាក់ ហើយក៏បណ្ដាលអោយឆាបឆេះតែម្ដង៕ ដោយ៖ប៉ែន ឆន