ខេត្តកណ្តាល ៖
ស្ត្រីស្មារតីក្លាហានម្នាក់ បានជិះម៉ូតូប្រដេញតាមជនសង្ស័យលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ដោយជិះម៉ូតូបំបុកម៉ូតូជនសង្ស័យអោយដួលទាំងអស់គ្នាហើយឃាត់ខ្លួនជូនសមត្ថកិច្ច ដែលហេតុការណ៍ដ៏គួរឲ្យកោតសសើរស្ត្រីក្លាហានខាងលើ កើតឡើងកាលពីវេលាម៉ោង១៤និង២០នាទីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៤ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ21 ស្ថិតក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរៈសេនីយីឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា÷ ស្ត្រីជនរងគ្រោះឈ្មោះ ស៊ាន សារ៉េន អាយុ៣០ឆ្នាំ (រងរបួសស្រាល) ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកផ្ទះឯកជន ។ ចំនែកជនសង្ស័យ ឈ្មោះ ចក់ សុផល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។ ចំពោះវត្ថុតាងចាប់យករួមមាន៖ -ម៉ូតូមួយគ្រឿងម៉ាកHonda C125 ពណ៌ខ្មៅ ស្លាកលេខកណ្តាល 1AS-1404(ជារបស់ជនសង្ស័យ),កាបូបយួរដៃមួយ(របស់ជនរងគ្រោះ) ។
លោកអធិការ បានឲ្យដឹងបន្ថែមទៀតថា÷មុនពេលកើតហេតុ ស្ត្រីជាជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះ ជាមួយកាបូបប្រាក់មួយ ពេលជិះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជនសង្ស័យ ជិះដេញតាមពីក្រោយហើយធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះរួចជិះគេចខ្លួន។ ពេលនោះជនរងគ្រោះបានបើកម៉ូតូដេញតាមពីក្រោយ រហូតតាមទាន់បានបើកម៉ូតូបំបុកម៉ូតូជនសង្ស័យបណ្តាលឲ្យដួលទាំងអស់គ្នា ហើយស្រែកថាចោរៗ ធ្វើឲ្យផ្អើលប្រជាពលរដ្ឋនៅក្បែរ នាំគ្នាចាប់បានជនសង្ស័យ និងប្តឹងសមត្ថកិច្ចប៉ុស្តិ៍រកាខ្ពស់ នាំខ្លួនជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍ ។
តាមការសាកសួរជនសង្ស័យបានឆ្លើយថាខ្លួនពិតជាបានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះខាងលើ ប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕