បន្ទាយមានជ័យ ៖
ស្គាល់មុខ ស្គាល់មាត់ មិនស្គាល់ចិត្ត ជនសង្ស័យម្នាក់សុំខ្ចីម៉ូតូជិះមួយភ្លែត តែយកទៅលក់ដើរលេងស៊ីចាយអស់ ក៏ត្រូវម្ចាស់ម៉ូតូវប្តឹងសមត្ថកិច្ចចាប់វាយខ្នោះបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា៖ជនសង្ស័យឈ្មោះ ចាន់ ផេង ហៅប៊យ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅ មិនពិតប្រាកដ ។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថាក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងកងរាជអាវុធហត្ថ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង១២ និង០០ នាទី ថ្ងៃទី១២ ខែធ្នូ ២០២៤ រួមទាំងដកហូតវត្ថុតាង ម៉ូតូម៉ាកហុងដា PCX មួយគ្រឿង ។
ក្រោយពេលសួរនាំ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះជិះ ហើយ យកទៅលក់ឱ្យអ្នកទិញមិនមានទីតាំងច្បាស់លាស់ បានប្រាក់ចំនួន ៣៥០ដុល្លារ ហើយ ស៊ីចាយអស់ ។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់បន្ថែមថា៖ដោយផ្អែកលើពាក្យបណ្ដឹង និងចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ហើយ បានកសាងសំណុំរឿងបន្តបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ៕