ក្រុងបាត់ដំបង ៖

យុវជន០២នាក់ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុក បណ្តាលអោយរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូដឹកគ្នានៅវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ (មុខទីលានបញ្ចុះសពមុងចិន) ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

សមត្ថកិច្ច បានបញ្ជាក់ថា រថយន្តមិនស្គាល់ភិនភាគខាងលើ បើកបរធ្វើដំណើរទិសដៅពីកើតទៅលិច ចំណែកម៉ូតូម៉ាកហុងដាឌ្រីម C-100 ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ បាត់ដំបង 1F-8416 បើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតបុកគ្នាពេញទំហឹង បណ្តាលអោយភាគីខាងម៉ូតូរងរបួសធ្ងន់ទាំងពីរនាក់ រួចរថយន្តបានបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ពេទ្យពពីរ) ចំណែកម៉ូតូ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តវាស់វែងធ្វើកំំណត់ហេតុយកទៅរក្សាទុក ដើម្បីស្វែងរកម្ចាស់រថយន្តមកដោះស្រាយតាមផ្លូវច្បាប់ ៕