ខេត្តកំពង់ឆ្នាំង ៖

ករណីគ្រោះថ្នាក់ដ៏រន្ធត់មួយ បានឆក់យកជីវិតស្រី្តម្នាក់ស្លាប់នៅកន្លែងកើតហេតុនិងចៅស្រីម្នាក់ទៀត រងរបួសធ្ងន់ តែជាអកុសល បានស្លាប់ ក្រោយបញ្ជូនទៅ    សង្គ្រោះនៅមន្ទីរពេទ្យ។ ករណីនេះ បានកើតឡើងនៅម៉ោងប្រមាណ១១និង៣០នាទីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុច ផ្លូវ145 (បេតុង)ចំណុចមុខផ្ទះរបស់ឈ្មោះ យុង ស្រីផាន ស្ថិតក្នុងភូមិខ្វិត ឃុំ ពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សាក្សីនៅកន្លែងកើតហេតុដែលបានឃើញហេតុការណ៍នោះ ឲ្យដឹងថាមុនកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក មីស៊ូប៊ីស៊ី ពណ៌ស ពាក់ស្លាក់លេខកំពង់ចាម 3B.3307បើកបរពីទិសខាងលិចទៅខាងកើត លុះមកដល់ចំណុចខាងលើ បានបុកជាមួយនិងកង់គ្រឿង ដែលកំពុងជិះគ្នាពីរនាក់ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យមានស្រី្តម្នាក់ជាជីដូននិងជាអ្នកឌុប ស្លាប់ រីឯ ចៅស្រីស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ដោយសាររបួសធ្ងន់ធ្ងរពេក ។

ដោយឡែក អ្នកបើកបររថយន្ត ត្រូវបានគេស្គាល់ឈ្មោះ ស៊្រាន វណ្ណដា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្ទឹងរាង ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្នុំ។ ជនរងគ្រោះទីមួយដែលបានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ឈ្មោះគង់ សុខឺន ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិឃុំ ខាងលើ  និងអ្នករួមដំណើរម្នាក់ទៀត ជាចៅស្រី ឈ្មោះ ម៉េត ស្រីនាង ភេទស្រី អាយុ៧ឆ្នាំ ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះ ។

បច្ចុប្បន្ន រថយន្ត ត្រូវបានយកមករក្សាទុកនៅអាជ្ញាធរមូលដ្ឋាន ចំណែកសពទាំងពីរនាក់ ត្រូវបានសាច់ញាតិយកធ្វើបុណ្យរួមគ្នាតាមប្រពៃណីតែម្តង ៕