រាជធានីភ្នំពេញ ៖
រថយន្តម៉ាក BMW មួយគ្រឿង អ្នកបើកបរអះអាងថាច្រឡំជាន់ហ្គែរ បានបើក បោះពួយចូលឱសថស្ថាន សួគ៌ា ទម្លុះទ្វារកញ្ចក់ចូលទៅក្នុងបុកទូរតាំងថ្នាំ បណ្ដាលឲ្យ រងការខូចខាតធ្ងន់ធ្ងរ។ ទោះបីជាយ៉ាងណា ពុំបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចតាមផ្លូវជាតិលេខ៦A កែងស្តុបនាងមច្ឆា ក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ រថយន្តដែលបង្កគ្រោះថ្នាក់ម៉ាក BMW ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CD-6882បើកបរដោយបុរសចំណាស់ម្នាក់ពុំស្គាល់អត្តសញ្ញាណឡើយ ។
តាមសាក្សី បានឲ្យដឹងថានៅមុនពេលកើតហេតុ គេ ឃើញរថយន្តខាងលើ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងទិសដៅពីជើងទៅត្បូង ។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ម្ចាស់រថយន្ត បង្អង់ល្បឿនប្រុងឈប់ ក្នុងគោលបំណង ចូលទិញថ្នាំ ហើយ មិនដឹងជាមូលហេតុអ្វី ស្រាប់តែរថយន្តបោះពួយបុកចូលឱសថស្ថាន ទៅទម្លុះទ្វារកញ្ចក់និងបុកទូរតាំងថ្នាំ បណ្ដាលឲ្យរងការខូចខាត ។
តាមបុរសវ័យចំណាស់ដែលជាអ្នកបើកបររថយន្ត បានឲ្យដឹងថានៅមុនពេលកើតហេតុ គាត់ បានបង្អង់ល្បឿនអែបស្ដាំ ប្រុងឈប់ចតរថយន្ត ចូលទិញថ្នាំ ហើយ ជាន់ហ្វ្រាំងច្រឡំហ្គែរ ក៏បុកចូលឱសថស្ថានតែម្ដង ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ ភាគីខាងរថយន្ត ក៏បានសម្របសម្រួលជាមួយម្ចាស់ឱសថស្ថានដើម្បីសងការខូចខាត។ ទោះបីជាយ៉ាងណា គេពុំដឹងថាអស់ប៉ុន្មានឡើយ ៕