រាជធានីភ្នំពេញ ៖

ជនសង្ស័យ២នាក់ ត្រូវបានម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋនាំគ្នាដេញចាប់បាន វាយទ្រោមខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាច់ ក ម៉ូតូមួយគ្រឿងមិនបានសម្រេច ហើយ ម្ចាស់ឃើញទាន់ ។ ហេតុការណ៍ដេញចាប់ចោរលួចម៉ូតូនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង១៥នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ស្ថិតតាមបណ្តោយផ្លូវលំ ត្រង់ចំណុចមុខបន្ទប់ជួលគ្មានលេខ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

ជនសង្ស័យដែលត្រូវចាប់ខ្លួន ទី១. ឈ្មោះ ទុំ សំណាង ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅពុំពិតប្រាកដនិងម្នាក់ទៀត ពុំស្គាល់ស្គាល់អត្តសញ្ញាណឡើយ ជិះធ្វើសកម្មភាពម៉ាក  ស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកម៉ូតូលេខកំពត1N-6936មួយគ្រឿង ។ 

តាមនារីជាម្ចាស់ម៉ូតូ បានឲ្យដឹងថានៅព្រឹកថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1F-0407 មកឈប់ក្បែររបងថ្មមុខបន្ទប់ជួល រួចក៏ចូលទៅក្នុងបន្ទប់រៀបចំអីវ៉ាន់ ។ 

ខណៈនោះ ជនសង្ស័យមានគ្នា២នាក់ បានជិះម៉ូតូមួយគ្រឿងមកឈប់ក្បែរហើយម្នាក់ ក៏បានដើរចូលទៅធ្វើសកម្មភាពលួចម៉ូតូ។ ភ្លាមៗនោះ គាត់ឃើញក៏ស្រែកចោរៗ បង្កឲ្យមានការភ្ញាក់ ហើយ ជនសង្ស័យ បានរត់គេចខ្លួនឡើងជិះម៉ូតូបក្សពួកដែលឈប់ចាំ ។ 

តាមព័ត៌មានឲ្យដឹងទៀតថា ជនសង្ស័យ បានជិះម៉ូតូព្យាយាមគេចខ្លួនបានប្រមាណជា ៣០ម៉ែត្រ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យ ដួល ។ ភ្លាមៗនោះ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបុរសជាប្តីម្ចាស់ម៉ូតូ ក៏បានស្ទុះចេញមកដេញ រួមជាមួយប្រជាពលរដ្ឋក្បែរខាង នាំគ្នាដេញចាប់បានរួចវាយទ្រោមខ្លួន ។ ជនសង្ស័យទាំងពីរនាក់ រួមនិងម៉ូតូមួយគ្រឿងដែលជិះធ្វើកម្មភាព ត្រូវបានប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍អូរបែកក្អមដើម្បីសាកសួរនិងបញ្ជូនបន្តទៅអធិការដ្ឋានដើម្បីកសាងសំនុំរឿងចាត់ការតាមច្បាប់ ៕