កណ្ដាល៖ស្រ្តីក្លាហានលួចម៉ូតូក្នុងចំណោមបក្សពួកគ្នា៣នាក់ ត្រូវសមត្ថកិច្ចក្រុង តាខ្មៅ ឃាត់ខ្លួនបានភ្លាមៗនៅថ្ងៃទី១៦ខែ ធ្នូឆ្នាំ២០២៤ វេលាម៉ោង១២និង២០នាទីត្រង់ចំណុចផ្លូវ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះដែលត្រូវចោរលួចម៉ូត មានឈ្មោះ ជៅ សុខ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនិស្សិត។ចំណែកជនសង្ស័យ មានគ្នា៣នាក់៖  ១-ឈ្មោះ គុយ សុលីកា ភេទស្រី អាយុ២៣ឆ្នាំ ត្រូវបានឃាត់ខ្លួន និងមានសារធាតុញៀនក្នុងទឹកនោម(+)។ ២-ឈ្មោះ សីហា ភេទប្រុស អាយុ៣០ឆ្នាំ រត់គេចខ្លួន។ ៣- ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរមិនពិតប្រាកដ រត់គេចខ្លួន។



បើតាមសមត្ថកិច្ច បានឲ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចតទុកនៅខាងមុខហាងលក់កាម៉េរ៉ា សុវត្ថិភាពផ្លូវ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយភ្លេចដកកូនសោរម៉ូតូ។ លុះមកដល់វេលាកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ០៣នាក់ ប្រុស២នាក់ស្រី១នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីមសង់ ពណ៌ខ្មៅ មកឈប់នៅខាងមុខហាង ហើយ ជនសង្ស័យម្នាក់ជាស្រីបានចុះទៅលួចម៉ូតូជនរងគ្រោះជិះចេញទៅ ។


ពេលនោះ ជនរងគ្រោះបានចេញមកទាន់ហើយស្រែកថាចោរៗផ្អើលអស់ប្រជាពលរដ្ឋព្រមទាំងកម្លាំងនគរបាលក្រុងតាខ្មៅនិងប៉ុស្តិ៍តាខ្មៅ បានជិះដេញតាមរហូតដល់ស្តុបផ្លូវ១១០ ក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាស្រី្ត ចំនែកជនសង្ស័យ២នាក់ទៀតបានជិះរត់គេចខ្លួន បាត់ទៅ។ តាមការសាកសួរ ជនសង្ស័យបានឆ្លើយថាខ្លួននិងបក្ខពួក២នាក់ទៀត ពិតជាបាននាំគ្នាលួចម៉ូតូរបស់ជនរងគ្រោះខាងលើ ប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕ ដោយ៖ប៉ែន ឆន