រាជធានីភ្នំពេញ ៖
ជនសង្ស័យដែលជាមុខសញ្ញាចោរកម្មគាស់ផ្ទះ២នាក់ ប្រដាប់ដោយដាវនិងឧបករណ៍សម្រាប់ឆ្កឹះសោផង បានឡើងទៅលួចទ្រព្យសម្បត្តិនៅលើផ្ទះមួយកន្លែង ។ ប៉ុន្តែទើបលួចបានខោអាវនិងសំបកកំប៉ុងអេតចាយមួយចំនួនប៉ុណ្ណោះ ក៏ត្រូវបានម្ចាស់ផ្ទះឃើញទាន់ ស្រែកឆោឡោនិងចាប់ខ្លួនបានម្នាក់ ចំណកម្នាក់ទៀតគេចខ្លួនរួច ។
ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្ទះមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យខាងលើ គឺជាមុខសញ្ញាចោរកម្មប្រទះអីលួចនិង ហើយម្នាក់ឈ្មោះវណ្ណា រ័ត្ន អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ត្រូវចាប់ខ្លួន រីឯម្នាក់ទៀតមិនទាន់ត្រូវបានស្គាល់ឈ្មោះ កំពុងរត់គេចខ្លួន ចំណែកម្ចាស់ផ្ទះខាងលើ មានឈ្មោះជីម សុឃីម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងបិទស្កុតរថយន្ត ។
ប្រជាពលរដ្ឋ បាននិយាយថានៅវេលាព្រឹកថ្ងៃកើតហេតុ ជនសង្ស័យខាងលើ បានឡើងទៅលើផ្ទះជាងបិទស្កុតរថយន្តដើម្បីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ។ ប៉ុន្តែខណៈនោះពុំទាន់លួចបានទ្រព្យសម្បត្តិមានតម្លៃនៅឡើយទេ ទើបតែលួចបានខោអាវមួយចំនួន និងប្រមូលយកសំបកកំប៉ុងអេតចាយខ្លះប៉ុណ្ណោះ ក៏ត្រូវបានម្ចាស់ផ្ទះឃើញទាន់ ។
ប្រភពដដែល បានប្រាប់ថា ពេលនោះម្ចាស់ផ្ទះ បានស្រែកឆោឡោបង្កការភ្ញាក់ផ្អើលនិងចាប់បានម្នាក់ ដកហូតបានដាវ១ដើម និងឧបករណ៍ឆ្កឹះសោ១ ផងដែរ។ ចំណែកបក្សពួកម្នាក់ទៀត រត់គេចខ្លួនរួច ។ បន្ទាប់មក ជនសង្ស័យដែលចាប់ខ្លួនបាន ត្រូវបានប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ ចាត់ការតាមច្បាប់ ៕