ខេត្តកណ្តាល ៖
បុរសម្នាក់ រស់នៅបន្ទប់ក្បែរគ្នា ខ្ចីម៉ូតូ ថាទៅជួបម្ដាយមួយភ្លែត តែមិនមែនមួយភ្លែតទេ គឺបាត់រហូតតែម្ដង តែត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុច ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះ ជុន សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ ។ ចំពោះសម្ភារៈបាត់បង់ រួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកHonda C125ពណ៌ខ្មៅសេរី២០២៣ស្លាកលេខភ្នំពេញ1kd0987 ។
ចំណែកជនសង្ស័យដែលខ្ចីម៉ូតូហើយចង់ស៊ីដាច់នោះ មានឈ្មោះ ផល សម្បត្តិ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ លេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាក ត្រូវបានឃាត់ខ្លួន និងមានសារធាតុញៀនក្នុងទឹកនោម(+) ។
តាមការសាកសួរ, ជនសង្ស័យ បានឆ្លើយថាគាត់ពិតជាបានខ្ចីម៉ូតូពីជនរងគ្រោះប្រាកដមែន តែម៉ូតូនោះគាត់បានឲ្យមិត្តភក្តិម្នាក់ទៀតឈ្មោះប៉ែត ភេទប្រុស អាយុ៣១ឆ្នាំ ផ្ទះនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខ្ចីបន្តយកទៅបាត់ហើយ ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុង តាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕