ខេត្តកណ្ដាល ៖
ជនសង្ស័យម្នាក់ ដែលតែងតែធ្វើទុក្ខបុកម្នេញ និង ប្រើប្រាស់គ្រឿងញៀនថែមទាំងបានគម្រាមថានឹងសម្លាប់អ្នកភូមិដោយផ្លែកណ្តៀវ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ ។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១៨និង០៥នាទីថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ តាមបណ្តឹងរបស់ប្រជាពលរដ្ឋជាជនរងគ្រោះ ។
លោកវរៈសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ តាន់ ជ្រា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ។ ចំនែកជនសង្ស័យ មានឈ្មោះ រិន ចាន់រុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ វិជ្ជមានសារធាតុញៀ) ហើយទាំងជនរងគ្រោះនិងជនសង្ស័យ រស់នៅក្នុង ភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ចំពោះវត្ថុតាងចាប់យក៖កណ្ដៀវដងឈើចំនួន០១ប្រវែង ៣៧ស.ម ។
លោកអធិការ បន្តទៀតថាកន្លងមក ជនសង្ស័យ បានប្រើប្រាស់គ្រឿងញៀន រួចតែងតែ យកកណ្ដៀវកាន់ដើរគំរាមកំហែងអ្នកភូមិ និង អ្នកជិតខាងជានិច្ច ដោយប្រើពាក្យគម្រាមសម្លាប់ចោលទាំងអស់។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថាខ្លួន ពិតជាបានវាយ និងបានយកកណ្ដៀវកាន់ក្នុងដៃគំរាមកំហែងថា នឹងសម្លាប់ជនរងគ្រោះប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បកសាងសំណុំរឿងតាមនីតិវិធី ៕