ខេត្តស្វាយរៀង ៖

មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដោយប្រទះឃើញសាកសព០២កន្លែងផ្សេងគ្នា សង្ស័យជាអំពើឃាដកម្មដ៏សាហាវ ដោយសាកសពទី១ ត្រូវគេចងជើងចងដៃ ចងមុខ សម្លាប់ ហើយ យកទៅទម្លាក់ផ្លុងចោលក្នុងទឹកប្រឡាយ និង ករណីទី២ ត្រូវឃាតករ កាត់.ក កាត់ដៃ កាត់ជើង ច្រកក្នុងវ៉ាលី យកមកដុតចោល នៅជិតកាស៊ីណូ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ។

ករណីទី១ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ សង្ស័យជាជនបរទេស ត្រូវបានឃាតករ ចងជើង ចងដៃ ចងមុខ យកមកទម្លាក់ចោលក្នុងទឹកប្រឡាយ ស្ថិតក្នុងភូមិតាចាន់ សង្កាត់ប្រាសាទ ក្រុងបាវិត នាវេលាម៉ោង០៨ព្រឹកថ្ងៃទី២ ខែធ្នូ ២០២៤ ។

ចំពោះករណីទី២ ប្រជាពលរដ្ឋប្រទះឃើញសាកសពមួយ ត្រូវបានឃាតករ កាត់.ក កាត់ដៃ កាត់ជើងដាក់ក្នុងវ៉ាលី យកមកដុតចាល ឆេះរោលខ្មៅ នៅមាត់ប្រឡាយ ជិតកាស៊ីណូមួយកន្លែង បង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី០២ ខែធ្នូ ២០២៤ នៅផ្លូវទៅវត្តព្រៃយាយ ស្ថិតក្នុងភូមិ បវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ។ បន្ទាប់មក ប្រជាពលរដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ចពាក់ពន្ធ័ករណីទាំង២នេះ ។

ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋរាយការណ៍ភ្លាមនោះ សមត្ថកិច្ចអធិការដ្ឋាន  នគបាលក្រុងបាវិត បានដឹកនាំកម្លាំងសហការជាមួយនគបាលប៉ុស្ត៍រដ្ឋបាលសង្កាត់ប្រសាទនិងសង្កាត់បាវិត ចុះដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យ។ ទាក់ទិនករណីនេះ សមត្ថកិច្ចនិយាយថា កំពុងធ្វើការស្រាវជ្រាវ ។

ហើយអ្វីធ្វើឲ្យមហាជន ព្រួយបារម្ភនោះ គឺជនសង្ស័យជាឃាតករ យកសាកសពជនរងគ្រោះមកដុតចោល ជិតផ្ទះជិតរបងអាគារកាស៊ីណូ ពិតជាហ៊ានមែន មហាជនសង្ឃឹមថា សមត្ថកិច្ចធ្វើការអង្កេតស្រាវជ្រាវ វែកមុខក្រុមឧក្រិដ្ឋជន យកមកផ្តន្ទាទោសតាមច្បាប់ ។ ករណីនេះដែរ សមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះនិយាយថា សពជនរងគ្រោះទាំងពីរករណីនេះ សមត្ថកិច្ចធ្វើការសន្និដ្ឋានបឋម គឺសពជនបរទេស សង្ស័យជាជនជាតិចិន ពិតជាសាហាវមែន ៕