ខេត្តកំពង់ស្ពឺ ៖
ក្រុមអ្នកញៀនល្បែងជល់មាន់ចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលសហការបង្ក្រាបបាន ខណៈដែលក្រុមអ្នកញៀនល្បែង កំពុងតែប្រមូលផ្តុំគ្នាជល់មាន់ ។ ការបង្ក្រាបសង្វៀនល្បែងជល់មាន់ខាងលើនេះ បានធ្វឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចចំការស្វាយ ស្ថិតភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលបាននិយាយឱ្យដឹងថា នៅមុនពេលបង្ក្រាបសង្វៀនបញ្ជល់មាន់ខាងលើនេះ ដោយអនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយនគរបាលស្រុកភ្នំស្រួច បានចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់(ជល់មាន់) នៅ ចំណុចចំការស្វាយ ស្ថិតភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចនគរបាល បានបញ្ជាក់ទៀតថា ក្រោយបង្ក្រាប កម្លាំងនគរបាលដកហូតវត្ថុតាង មាន៖ អាគកចំនួន ០៤ក្បាល (ងាប់) ជញ្ជីងថ្លឹងមាន់១ ស្កុតរុំជើងមាន់មួយចំនួន ជាលគ្របមាន់ ៤ កៅអីជ័រ ១០ ម៉ូតូ២៩គ្រឿង និងទូរស័ព្ទ៦គ្រឿង ។ សង្វៀនបញ្ជល់មានខាងលើនេះ មានម្ចាស់ឈ្មោះ ប្រុស ដែលបានបើកលេងរាប់ឆ្នាំមកហើយ ៕