រាជធានីភ្នំពេញ ៖
ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ បានទៅលេងទឹកនៅច្រាំងទន្លេមេគង្គ ហើយ បាន លង់ទឹកលិចបាត់ប្រមាណជាង១ម៉ោង ទើបបងប្អូនជួលជនជាតិឥស្លាមឲ្យជួយរាវរកឃើញ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដែលស្ថិតនៅត្រង់ចំណុចមុខវត្តខ្ទរ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ក្មេងដែលលង់ទឹកស្លាប់ ឈ្មោះ ពិសិដ្ឋ រិទ្ធី ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាវត្តខ្ទរ មានលំនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ ។
តាមព័ត៌មានឱ្យដឹងថានៅមុនពេលកើតហេតុ គេឃើញក្មេងមួយក្រុមប្រមាណ ៦ទៅ៧នាក់ បាននាំគ្នាទៅលេងទឹកនៅច្រាំងទន្លេមេគង្គមុខវត្តខ្ទរ។ ខណៈនោះអ្នកស្ទូចត្រី បានប្រាប់កុំឱ្យលេងទឹកខ្លាចលង់តែក្មេងមិនស្តាប់ ។ លុះក្រោយមក ស្រាប់តែមានការភ្ញាក់ផ្អើលបាត់ក្មេងប្រុសម្នាក់លិចបាត់នៅក្នុងទន្លេ ។បន្ទាប់ពីមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋនៅក្បែរខាងរួមទាំងអ្នកស្ទួចត្រីនិងព្រះសង្ឃបាននាំគ្នាងូតរាវរកតែរកមិនឃើញ។ លុះក្រោយមក ក៏ដឹងដល់ក្រុមគ្រួសារហើយទាក់ទងជួលជនជាតិអ៊ីស្លាម ឲ្យមកជួយរាវរហូតដល់ម៉ោងជាង៥រសៀល ទើបរាវរកឃើញ ។
តាមព័ត៌មានពីក្រុមគ្រួសារ ឲ្យដឹងថានៅវេលារសៀល ថ្ងៃកើតហេតុ ក្មេងប្រុសរូបនោះ បានសុំជីដូនទៅរៀនគួរនៅសាលាបឋមសិក្សាវត្តខ្ទរ បន្ទាប់ពីរៀនចប់ហើយ ក៏បានបបួលគ្នាទៅលេងទន្លេកន្លែងកើតហេតុខាងលើ ក៏មានគ្រោះថ្នាក់តែម្ដង ។
គួរបញ្ជាក់ថានៅច្រាំងទន្លេមុខវត្តខ្ទរជាកន្លែងជើងកប កន្លងមក តែងតែមានក្មេងលង់ ទឹកបានលង់ស្លាប់ជាបន្តបន្ទាប់។សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារនាំទៅធ្វើបុណ្យតាមប្រពៃណី ៕