ខេត្តក្រចេះ ៖

សាលាឆាន់១ខ្នង កុដិ១ខ្នង រូបបដិមាចំនួន០៨អង្គ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ នៅក្នុងវត្តដំរីផុង ស្ថិតក្នុងភូមិបុស ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានអគ្គិភ័យ លេបត្របាក់រៀបដល់ដី កាលវេលាម៉ោង ០៦:៣០ នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ។ 

យោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថាករណីអគ្គិភ័យនេះបានកើតឡើង ដោយសារព្រះសង្ឈក្នុងវត្តដាំទឹកក្ដៅ សម្រាប់ឆាន់ ទើបបណ្ដាលឱ្យផ្ទុះកំប៉ុងហ្គាស និងបង្កជាអណ្ដាតភ្លើង កើតជាគ្រោះអគ្គិភ័យតែម្ដង ។


អគ្គិភ័យខាងលើនេះ បានធ្វើឱ្យការខូចខាត និងឆេះសាលាឆានចំនួន ០១ខ្នង ទំហំ ១៥ម៉ែត្រ x ២៥ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង និង ឆេះកុដិព្រះសង្ឃ ០១ខ្នង ទំហំ ៦.៥ម៉ែត្រ x ១៣ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង រួមទាំងរូបបដិមាចំនួន ០៨អង្គ និងសម្ភារៈប្រើប្រាស់មួយចំនួនធំទៀត គិតជាទឹកប្រាក់ ប្រមាណ ២៥០.០០០ដុល្លារ ។

ប្រជាពលរដ្ឋនៅកន្លែងកើត បានឲ្យដឹងថាសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ដោយប្រើប្រាស់អស់ចំនួន ០៤រថយន្ត និងមានប្រជាពលរដ្ឋប្រហែល១៥០នាក់ ដាក់ក្នុងធុងបាញ់ថ្នាំ ជួយបាញ់ពន្លត់ ធ្វើអោយរលត់មិនរាលដាលទៅកន្លែងផ្សេងទៀត ៕