ខេត្តកណ្តាល ៖
កម្មករសាឡង់បូមខ្សាច់ម្នាក់ បានបាត់ខ្លួននិងទូកចំនួន៣គ្រឿង បានលិចបាត់ក្រោយព្រឹត្តិការណ៍បាក់ស្រុតច្រាំងទន្លេនៅចំណុចដេប៉ូខ្សាច់ដ៏ធំមួយ នៅស្រុកខ្សាច់កណ្តាល ហើយ ផ្ទះមួយខ្នងកំពុងរងការគំរាមកំហែងពីការបាក់ស្រុតនេះ ដោយម្ចាស់ផ្ទះកំពុងធ្វើការរុះរើ ។
លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានឱ្យដឹងថាករណីបាក់ស្រុតច្រាំងទន្លេនេះ បានកើតឡើងកាលពីអំឡុងម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី១១ ធ្នូ ២០២៤ នៅក្នុងភូមិព្រែកតាបែន ឃុំស្វារមៀត ស្រុកខ្សាច់កណ្តាល បណ្តាលឱ្យកម្មករម្នាក់ឈ្មោះ សឿ សឹង ភេទប្រុសអាយុ២៤ឆ្នាំ មានស្រុកកំណើតភូមិបារាយ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បាត់ខ្លួន ហើយ៣នាក់ទៀត ត្រូវនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងលិចបាត់ទូកតូច-ធំ ចំនួន៣គ្រឿងផងដែរ។ ដែលមកដល់ពេលនេះ នៅមិនទាន់រកសពឃើញនៅឡើយនោះទេ ហើយ ការបាក់ស្រុតច្រាំងនេះ មានប្រមាណជាង៥០ម៉ែត្រ និងបណ្តោយប្រមាណជាង១០០ម៉ែត្រ ។
បច្ចុប្បន្ន អាជ្ញាធរ បានហ៊ុំពទ្ធ័កន្លែងកើតហេតុ ដើម្បីកុំឱ្យប្រជាពលរដ្ឋចេញចូល ព្រោះបារម្ភ ក្រែងមានការបាក់ស្រុតបន្ត និងទុកលទ្ធភាពឱ្យអ្នកមុជទឹកស្វែងរកសព និងស្នើឱ្យម្ចាស់ទីតាំងរុះរើចេញពីកន្លែងកើតហេតុ ដើម្បីបញ្ចៀសនូវហានិភ័យជាយថាហេតុ ព្រោះបច្ចុប្បន្ន សង្កេតឃើញថា នៅមានស្នាមប្រេះបន្ថែមថ្មីៗទៀត ដែលអាចនឹងមានការបាក់ស្រុតបន្តទៀត ។
សាក្សីដែលនៅកន្លែងកើតហេតុបានប្រាប់ផងដែរថា កាលពីយប់ថ្ងៃទី១០ ម្ចាស់សាឡង់ឈ្មោះ ឈួន ឈុន ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិឬស្សី ឃុំថ្មគ្រែ ស្រុកសំបូរ ខេត្តក្រចេះ និងកម្មករចំនួន៣នាក់ទៀត បានដឹកខ្សាច់ដើម្បីយកមកបូមដាក់ឱ្យដេប៉ូខាងលើ ដែលមានថៅកែ ឈ្មោះ ម៉េង ស្រ៊ិន ប៉ុន្តែដោយសារយប់ក៏នាំគ្នាសម្រាកលើសាឡង់រង់ចាំព្រឹក ទើបបូមខ្សាច់ឡើងដេប៉ូ។ ក្នុងនោះ ជនរងគ្រោះ បានចងអង្រឹងដេកនៅក្បាលសាឡង់ លុះម៉ោងកើតហេតុ ស្រាប់តែច្រាំងទន្លេបាក់ស្រុតគ្រឹបៗសង្កត់ក្បាលសាឡង់លិចចូលក្នុងទឹក ធ្លាក់ទាំងជនរងគ្រោះលិចបាត់ចូលក្នុងទន្លេ ចំណែកឯអ្នកដទៃទៀត បាននាំគ្នាហែលឡើងគោកនិងខ្លះទៀតប្រឹងតោងសាឡង់ដែលងើបផុសចេញពីទឹកវិញបានរស់រួចជីវិត ៕