រាជធានីភ្នំពេញ ៖ 

សាកសពបុរសម្នាក់ មានលក្ខណៈហើមស្អុយទៅហើយ  ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងព្រៃក្បែរចិញ្ចើមផ្លូវបេតុង បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល១០ថ្ងៃមកហើយ ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចដីព្រៃក្បែរចិញ្ចើមផ្លូវបេតុងចូលទៅបុរី ហាយលែន ចម្ងាយប្រមាណជាង១គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៦អា ចន្លោះស្ពានលេខ៩ និង លេខ១០ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សពបុរសរូបនោះ ក្រុមគ្រួសារឲ្យដឹងថាឈ្មោះឈិត ប៊ុនណា អាយុជាង៥៣ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី ស្នាក់នៅភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

តាមព័ត៌មានឲ្យដឹងថានៅវេលាព្រឹកថ្ងៃកើតហេតុ មានប្រជាពលរដ្ឋម្នាក់ដែលធ្វើដំណើរឆ្លងកាត់ ហើយ ឈប់បត់ជើង ក៏បានប្រទះឃើញសាកសពរបស់ម្នាក់មានលក្ខណៈហើមស្អុយទៅហើយ  ដេកស្លាប់នៅក្នុងព្រៃរនាមទំនាបបឹង រួចក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។ បន្ទាប់ពីភ្ញាក់ផ្អើល ក៏ដឹងដល់ក្រុមគ្រួសារក្មួយៗ ចុះទៅកន្លែងកើតហេតុ ដោយអះអាងថា សពនោះ ជាសពបងរបស់ខ្លួនដែលបានបាត់តាំងខ្លួនរយៈពេល១០ថ្ងៃមកហើយ ។

តាមស្រ្តីឈ្មោះ សេង សុផុន ជាប្អូនស្រីថ្លៃរបស់សព បានឲ្យដឹងថាបងថ្លៃ(សព)ជាមនុស្សមានបញ្ញាសតិមិនប្រក្រតី តាំងពីកំណើត ហើយតែងតែកាន់ឈើច្រត់ដើមឬស្សីដើរហាត់ប្រាណតែម្នាក់ជារៀងរាល់ថ្ងៃ។ 

តាមការពិនិត្យកន្លែងកើតហេតុនិង សាកសពលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថាបុរសរូបនោះ ស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីជម្ងឺបេះដូង ។ សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕