រាជធានីភ្នំពេញ ៖ 

ក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗនៅនិងកន្លែង នៅក្នុងឧប្បត្តិហេតុហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងកាលពីម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវបេតុងព្រៃស ក្នុងភូមិព្រៃសកើត  សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្មេងស្រីរងគ្រោះឈ្មោះ ទូច សារើន អាយុ១៤ឆ្នាំ មុខរបររត់តុ នៅហាងសាច់គោអាំង បុរីពិភពថ្មីចំការដូង មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះខាងលើ បានជិះម៉ូតូម៉ាក ហុងដា អាយខុន ពណ៌ផ្កាឈូក លាយស ពាក់ផ្លាកលេខភ្នំពេញ1AR-3082 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតចេញពីផ្ទះទៅធ្វើការ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តដឹកប្រេងមួយគ្រឿងម៉ាក CHENG LONG  (ឆេង ឡុង) ពណ៌ខ្មៅលាយស ដឹកប្រេង ពាក់ផ្លាកលេខភ្នំពញ3G-6238 ធ្វើដំណើរក្នុងទិសដៅស្របគ្នានិងក្នុងល្បឿនលឿនទៅដល់ បុកពីក្រោយ បណ្តាលឲ្យដួល រួចកិនបែកក្បាលស្លាប់យ៉ាងរន្ធត់នៅកន្លែងកើតហេតុតែម្តង ។

ប្រភពដដែល បានប្រាប់ទៀតថា បន្ទាប់ពីបុកនិងកិនក្មេងស្រីខាងលើស្លាប់រួច រថយន្តបង្ក បានបន្ថែមល្បឿនរត់គេច ប៉ុន្តែត្រូវបាននគរបាលប៉ុស្តិ៍ព្រៃស ដេញចាប់បានទាំងរថយន្តនិងអ្នកបើកបរ ចម្ងាយប្រមាណ៥០០ម៉ែត្រពីកន្លែងកើតហេតុ។ បន្ទាប់មករាយការណ៍ទៅកាន់នគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែង នាំយកទៅកាន់ការិយាល័យរង់ចាំចាត់ការតាមច្បាប់និងធ្វើកំណត់ ហេតុ ប្រគល់សពយុជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕