រាជធានីភ្នំពេញ ៖ 

យុវជនម្នាក់ បានរបួសខ្ទេចប្រអប់ជើង ខណៈជិះម៉ូតូ១គ្រឿងជ្រុលទៅបុកកាងក្រោយរថយន្តម៉ាកហាយឡែនឌ័រ១គ្រឿង ដែលកំពុងឆ្លងផ្លូវ កាលពីវេលាម៉ោង១០និង២៥នាទី ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខហាងបាញ់ឆែវឆ្ងាញ់ភូមិ ព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះខាងលើ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ថានៅមុនពេលយុវជនរូបនេះ បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IL-7352 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីជើងទៅត្បូង ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានជ្រុលទៅរថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រមិនចាំស្លាកលេខ ឆ្លងមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតពេញទំហឹង ។

ប្រភពដដែល បានប្រាប់ទៀតថា ខណៈនោះ បណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់ រងរបួសខ្ទេចប្រអប់ជើងខាងឆ្វេង ដួលដេកនៅលើផ្លូវ ចំណែករថយន្តនោះ បានបើករត់គេចចេញទៅបាត់ដោយសុវត្ថិភាព ។  ក្រោយពេលកើតហេតុ រថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង បានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្រ្គោះបន្ទាន់ ។ ចំណែកនគរបាល បានចុះទៅកាន់ទីនោះ ហើយ បាននាំយកម៉ូតូទៅរក្សាទុកប៉ុស្តិ៍នគរបាលចោមទី៣ រង់ចាំឲ្យក្រុមគ្រួសារយកឯកសារទៅទទួលយកវិញ ៕