គូស្នេហ៍តារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស នៅតែទទួលបានប្រជាប្រិយភាពពីមហាជនមិនចេះរីងស្ងួត បើទោះបីវិវត្តន៍ខ្លួនពីតារាចម្រៀងធ្លាប់ជ្រកក្រោមផលិតកម្មទៅជាតារាចម្រៀងឯករាជ្យជាច្រើនឆ្នាំក្តី។ អ្វីដែលមហាជនកត់សម្គាល់នោះ គឺក្រោយពេលទទួលបានកូនប្រុសជាចំណងដៃស្នេហា ពួកគេហាក់កាន់តែមានភាពផ្អែមល្ហែមកើនឡើងទ្វេដង ។

ដោយឡែកកាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមផ្ទុះការចែករំលែកវីដេអូមួយយ៉ាងព្រោងព្រាតរបស់អ្នកនាង ទេព បូព្រឹក្ស ក្រោយពេលបង្ហោះវីដេអូ អូន Albert ដែលជាកូនប្រុសសំណព្វចិត្ត។ នៅក្នុងវីដេអូនោះ ឃើញថា អ្នកនាង ទេព បូព្រឹក្ស បានកើតកូនចិត្តលួចច្រណែន លោក ជី ដេវីត ព្រោះតែ Albert ចូលចិត្តស្តាប់ និងរាំតាមបទរបស់លោក ជី ដេវីត ជាងបទរបស់ខ្លួន ដោយនៅក្នុងវីដេអូបែបលេងសើចខាងដើមនេះ អ្នកនាង ទេព បូព្រឹក្ស បាននិយាយទាំងអន់ចិត្តបែបនេះថា «ធ្លាប់តែឃើញម៉ែឪស្រឡាញ់កូនអត់ស្មើគ្នា តែនេះកូនស្រឡាញ់ម៉ែឪអត់ស្មើគ្នាវិញ» ។

គួររំលឹកដែរថា កូនប្រុសគួរឱ្យខ្នាញ់ របស់លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស មានឈ្មោះថា ទេព បញ្ចវរាប ហៅ Albert បានកើតនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលគិតមកត្រឹមពេលនេះ អូនតូចមានអាយុជិត២ខួបហើយ ៕