ខេត្តកំពង់ចាម៖ 

ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងជំនាញ បានបើកការស្រាវជ្រាវស៊ើបអង្កេត រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅស្រុកចំការលើ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២២:០០នាទី ថាមានសកម្មភាពជនមិនស្គាល់អត្ដសញ្ញាណ យកកាំភ្លើងកែច្នៃបាញ់មកលើរថយន្ត បណ្តាលឱ្យបែកកញ្ចក់រថយន្ដ ហើយ ផ្លាតគ្រាប់ត្រូវសៀតផ្កាផ្នែកខាងឆ្វេង បណ្ដាលឱ្យរងរបួសស្រាល នៅចំណុចផ្លូវបេតុងខាងត្បូងវត្តពព្រេង ក្នុងភូមិវាល ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ 

ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយជំនាញអធិការដ្ឋាន នគរបាលស្រុកចំការលើ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ិត ដារ៉ា ស្នងការរងទទួល ផែនការងារនគរបាលព្រហ្មទណ្ឌ បើកការស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់បានមុខសញ្ញា ចំនួន០២នាក់ នៅវេលាម៉ោង១២:២០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញ បាននាំយកមកសាកសួរបំភ្លឺ ហើយ ជនសង្ស័យ បានសារភាពទទួលស្គាល់ថាខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព យកកាំភ្លើងកែច្នៃ (បាញ់គ្រាប់កង់)បាញ់ទៅលើរថយន្ដ នៅចំណុចខាងលើ ពិតប្រាកដមែន ។

ដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ បណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីចង់ក្រងសំណុំរឿងតាមនីតិវិធី បញ្ជូន ទៅអយ្យការអមសាលដំបូងខេត្តកំពង់ចាម ៕