ក្រុងបាត់ដំបង ៖ 

បុរសម្នាក់ ដែលគេសង្ស័យថាបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន បង្កការ ភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុង សហការជាមួយកម្លាំង កងរាជអាវុធហត្ថខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ តាមបង្ក្រាបរហូតឃាត់ខ្លួនបានសម្រេច ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រោយវត្តត្រស់ ស្ថិតក្នុងភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វុន ស៊ីនឿន ហៅ ដា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យខាងលើបានបើកបររថយន្តម៉ាក TOYOTA RALLY ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 2C-7575 ស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន និង រ៉េពេញផ្លូវ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងមិនសហការដោយព្យាយាមបើករត់គេច អស់ជាច្រើនម៉ោង ទើបកម្លាំងសមត្ថកិច្ច ធ្វើការស្ទាក់ចាប់បានបញ្ជូនមកអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕