រាជធានីភ្នំពេញ ៖ 

ជនសង្ស័យចំនួន១២នាក់ ស្រី៣នាក់ ក្នុងនោះមាន៩នាក់ពាក់ព័ន្ធនិងករណីហិង្សាបង្ករបួសស្នាម និង៣នាក់ ពាក់ព័ន្ធករណីឆក់និងកាប់ប្លន់យកម៉ូតូ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី ២៧ ខែធ្នូ ២០២៤ ។ 

តាមរបាយការណ៍ បានអោយដឹងថានៅថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា និង កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន ១២ នាក់ ស្រី០៣នាក់ ពាក់ព័ន្ធបទល្មើស០៧ករណី ដោយក្នុងនោះ មានករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរសព្ទ័ដៃ )ចំនួន៤ករណី,កាប់ប្លន់យកម៉ូតូ១ករណីនិង២ករណីទៀត គឺករណីក្មេងទំនើង យកជើងធាក់ផ្តួលម៉ូតូនិងវាយបង្ករបួសស្នាម ។ 

នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថាចំពោះបក្សពួកនៅសល់ នគរបាលការិយាល័យជំនាញ នឹងបន្តស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ទោះរត់គេចខ្លួនទៅដល់ទីណាក៏ដោយ គឺតាមចាប់ឲ្យដល់ឬសគល់ដោយមិនយោគយល់ឡើយ ៕