ខេត្តតាកែវ ៖

ជនសង្ស័យករណីបង្កហិង្សាដោយចេតនា៤នាក់ ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ ចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពវាយតប់លើជនរងគ្រោះ៣នាក់កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៣និង៣០នាទី នៅចំណុចភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ 

តាមរបាយការណ៍នគរបាលក្រុងដូនកែវ បញ្ជាក់ថាជនសង្ស័យទាំង៤នាក់ មានខ្លះកាន់ជំពាមកៅស៊ូ ខ្លះកាន់ខ្សែក្រវាត់ បានធ្វើសកម្មភាពវាយតប់លើជនរងគ្រោះ៣នាក់ បណ្តាលឱ្យរងរបួស។  បន្ទាប់ពីកើតហេតុម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ ប៉ិច សុវណ្ណវីផាត់ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ។ 

ក្រោយទទួលពាក្យបណ្តឹងនិងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ដោយសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវផងនោះ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់យកមកសួរនាំ ។ 

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួនសួរនាំនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ និងបន្តបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី ៕