ខេត្តកំពង់ស្ពឺ ៖

ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួនបាន ខណៈដែលធ្វើសកម្មភាពជិះម៉ូតូឌុបគ្នាឆក់ទូរស័ព្ទពីជនរងគ្រោះ ម៉ាកអាយហ្វូន 11Pro max នៅលើផ្លូវជាតិលេខ៥១ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។ ការឃាត់ខ្លួនក្រុមជនសង្ស័យជាចោរឆក់ទូរស័ព្ទនេះ បានធ្វើឡើងកាលពីថ្ងៃទី0៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចនគរបាល បានឱ្យដឹងថានៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យជាមុខសញ្ញាឆក់ខាងលើនេះ សមត្ថកិច្ចនគរបាលទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានចោរឆក់ទូរស័ព្ទដៃនៅលើផ្លូវជាតិលេខ៥១ និងទទួលបានបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ  ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចាត់ឱ្យកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បើកការស្រាវជ្រាវបន្ទាន់រហូតឈានទៅឃាត់ខ្លួនបានម្នាក់ និង ក្រោយសួរចម្លើយជនសង្ស័យ ក៏បានឈានទៅឃាត់ខ្លួនបានម្នាក់ទៀត ដែលជាមុខសញ្ញាធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះភេទស្រី ពីរនាក់ ។ 

ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ សមត្ថកិច្ចនគរបាលដកហូតវត្ថុតាង៖  ម៉ូតូ០១គ្រឿង ម៉ាកហុងដា ពណ៌ទឹកមាស គ្មានផ្លាកលេខ និងទូរស័ព្ទដៃ១គ្រឿង ម៉ាក IPhone 11Pro max ពណ៌ប្រផេះ  រីឯទូរស័ព្ទដៃ១គ្រឿងទៀត ម៉ាក IPhone 11Pro max ពណ៌ទឹកសមុទ្រ ក្រុមជនសង្ស័យ បានយកទៅលក់ ។ 

បច្ចុប្បន្ន ក្រុមជនសង្ស័យទាំងពីរ រួមជាមួយវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺចំណាត់ការនីតិវិធីបន្ដ ៕